ប្រជាជននៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន បានចូលរួមព្រឹត្តិការណ៍ជាច្រើន កាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធខួប២ឆ្នាំនៃការរំដោះទីក្រុងនេះពីការគ្រប់គ្រងរបស់រុស្ស៊ី។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា ជនស៊ីវិលចំនួន ៥០៩នាក់ រួមទាំងកុមារ ១២ នាក់ ត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការឈ្លានពានមកលើអ៊ុយក្រែន។

ក្រុមសិល្បៈករ បានរំលឹកដល់ជនរងគ្រោះដោយការប្រគំតន្ត្រីនៅព្រះវិហារ ជាកន្លែងដែលសាកសពជាច្រើនត្រូវបានគេរកឃើញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីទីក្រុងដែលមានទីតាំងនៅជិតរដ្ឋធានីគីវ។ អ្នកចូលទស្សនា បានដាក់ផ្កានៅវិមានមួយកន្លែងដែលមានសរសេរឈ្មោះអ្នកដែលត្រូវបានគេសម្លាប់ក្នុងអំឡុងពេលចូលកាន់កាប់។

ស្ត្រីម្នាក់ ដែលប្អូនប្រុសរបស់គាត់ត្រូវបានកងកម្លាំងរុស្ស៊ីសម្លាប់ក្នុងអាយុ ៣៤ ឆ្នាំ បាននិយាយថា ប្អូនប្រុសគាត់បានបាត់ខ្លួន៣៩ថ្ងៃ បន្ទាប់ពីចេញទៅទិញទឹក។ លោកស្រីនិយាយថា ការបាត់ខ្លួនរបស់ប្អូនប្រុសលោកស្រី បានបន្សល់ទុកកូនតូចៗពីរនាក់ ហើយក្រុមគ្រួសារពុំទាន់ដឹងពីការស្លាប់របស់ប្អូនប្រុសគាត់នៅឡើយ។
អ្នកចូលរួម រួមមានមន្ត្រីមកពីបរទេស ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងអង្គការជំនួយផ្សេងៗទៀត ដែលបាននិងកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទីក្រុងនេះឡើងវិញ។
បុរសម្នាក់ដែលកូនប្រុសពេញវ័យរបស់គាត់ ត្រូវទាហានរុស្ស៊ីធ្វើទារុណកម្មរហូតដល់ស្លាប់ បានប្រដូចពួកគេទៅនឹងគ្រោះកាចដ៏ចង្រៃ។ លោកបាននិយាយថា គ្រោះកាចនេះនឹងរាលដាលពាសពេញពិភពលោក ប្រសិនបើសហគមន៍អន្តរជាតិ បរាជ័យក្នុងការជួយប្រទេសអ៊ុយក្រែន។