អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ (Ma Ying-jeou) បានចាកចេញនៅថ្ងៃចន្ទ (០១ មេសា) នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃទៅកាន់ប្រទេសចិន ជាទីដែលលោកត្រូវបានគេរំពឹងថានឹងជួបជាលើកទីពីរ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងពេលនៃភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

កាលពីឆ្នាំមុន លោក ម៉ា ដែលជាមេដឹកនាំពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ ដំបូងគេដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលរបស់មេដឹកនាំកុម្មុយនិស្ត លោក ម៉ៅ សេទុង មក មិនមានមេដឹកនាំតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចប្រទេសចិនទេ។

លោក ម៉ា បានជួបលោក ស៊ី នៅប្រទេសសិង្ហបុរីកាលពីចុងឆ្នាំ ២០១៥ សម្រាប់កិច្ចប្រជុំកំពូលមួយ ភ្លាមៗមុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះការបោះឆ្នោត។
លោក ម៉ា និងរដ្ឋាភិបាលរបស់ចិន មិនបានបញ្ជាក់ពីជំនួបជាមួយលោក ស៊ី ដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់នោះទេ។ ប្រភពបីដែលដឹងពីដំណើររបស់លោក ម៉ា បានប្រាប់សារព័ត៌មានរ៉យទ័រថា ជំនួបនោះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕