កងកម្លាំងអ៊ីស្រាអែលបានចាកចេញពីមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃច័ន្ទ (០១ មេសា) បន្ទាប់ពីប្រតិបត្តិការរយៈពេលពីរសប្តាហ៍ដោយកងកម្លាំងពិសេស ដែលបានឃាត់ខ្លួនជនសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់រយនាក់ដែលសង្ស័យ និងបានបន្សល់ទុកនូវសំណល់កម្ទេចកម្ទីនៃអគារដែលត្រូវបានបំផ្លាញ ព្រមទាំងសាកសពជាច្រើន។

ក្រុមមន្ត្រីប៉ាឡេស្ទីនបានហៅការវាយឆ្មក់លើមន្ទីរពេទ្យព្យាបាលអ្នកជំងឺរងរបួសធ្ងន់ធ្ងរនេះ ថាជាឧក្រិដ្ឋកម្មសង្គ្រាម ខណៈដែលក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា កងកម្លាំងពិសេសបានធ្វើការវាយប្រហារតាមគោលដៅប្រឆាំងនឹងមូលដ្ឋានរឹងមាំរបស់ក្រុមហាម៉ាស ដែលមានចេតនាដាក់ទីតាំងក្នុងចំណោមជនស៊ីវិលដែលងាយរងគ្រោះ។
យោងទៅតាមយោធាអ៊ីស្រាអែលបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនចំនួនប្រហែល ៦.២០០ នាក់ ធ្លាប់បានជ្រកកោននៅក្នុងបរិវេណនោះ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងទៀតនៅភាគខាងជើងហ្កាហ្សា ដែលមានការផ្គត់ផ្គង់អគ្គិសនី និងទឹកមួយចំនួន។

លោក អ៊ីស្មែល អាល់ថាវ៉ាបតា (Ismail Al-Thawabta) នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយតំបន់ហ្កាហ្សា របស់ក្រុមហាម៉ាស បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤០០ នាក់នៅក្នុង និងជុំវិញមន្ទីរពេទ្យនោះ រួមទាំងវេជ្ជបណ្ឌិតស្ត្រីម្នាក់ និងកូនប្រុសដែលជាវេជ្ជបណ្ឌិតផងដែរនោះ ហើយបានបញ្ឈប់សកម្មភាព និងប្រតិបត្តិការរបស់មន្ទីរពេទ្យទាំងមូល៕
