ក្រុមមន្ត្រី នៃប្រទេសជប៉ុន និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអ៊ុយក្រែន និងក្រសួងសេដ្ឋកិច្ច និងអង្គភាពសេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែនបានបន្តធ្វើទស្សនកិច្ចស្វែងយល់ និងដកស្រង់យកបទពិសោធពីសកម្មភាពរបស់កម្លាំងជំនាញស៊ីម៉ាក់ក្នុងការស្តារសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងបំណែកនាវាផ្ទុះពីក្រោមបាតទឹកទន្លេ ស្ថិតក្នុងភូមិសាស្ត្ររវាងខេត្ត កណ្តាលនិងខេត្តព្រៃវែង នាថ្ងៃទី២ មេសាឆ្នាំ២០២៤នេះ។
ក្នុងដំណើរទស្សនកិច្ចនៅទីតាំងផ្ទាល់នេះ គណៈប្រតិភូអ៊ុយក្រែនសម្តែងការស្ងើចស្ញប់ស្ញែងដល់កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ទាំងបុរសនិងនារីដែលមានសមត្ថភាពជំនាញបច្ចេកទេសនិងឆន្ទះខ្ពស់ប្រឹងប្រែងចុះមុជទឹកប្រ មូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងបំណែកនាវាពីក្រោមបាតទឹកទន្លេ ក្នុងន័យដើម្បីសុខសុវត្ថិភាពតាមដងទន្លេនិងសុខសន្តិភាពសម្រាប់ប្រទេសជាតិនោះ។

យោងតាមការធ្វើបទបង្ហាញជូនដល់គណះប្រតិភូនៅក្នុងឱកាសនោះ ស្តីពីលទ្ធផលរបស់ក្រុមការងារបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាក្នុងត្រីមាសទី១ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ នៅការដ្ឋាននេះបានគ្រាប់ និងមីនសរុបចំនួន ១,៩៨១គ្រាប់ រួមមានមីន Trip flare ចំនួន៣៣គ្រាប់។គ្រាប់ត្បាល់៦០មមចំនួន១,២៦៨ គ្រាប់។គ្រាប់ត្បាល់៨១មម ចំនួន១៣គ្រាប់។គ្រាប់រ៉ូកែត ៤០/៨៥ មម ចំនួន ០១គ្រាប់។គ្រាប់ផ្លោង ៧៧៥មមចំនួន ៣៨ គ្រាប់។ គ្រាប់ផ្លោង ១០៥មមចំនួន ២២០គ្រាប់។គ្រាប់ផ្លោង ១៥៥មមចំនួន ០៦គ្រាប់។គ្រាប់បាញ់បង្ហោះ ៤០មម ចំនួន ៥០ គ្រាប់។បំណែកដែកទំងន់ ៤.០៤៩ គីឡូក្រាម។សរុបទាំងគ្រាប់,បំណែកនាវានិងបន្ទះដែកមានទំងន់ ១២,៨៣៤ គីឡូក្រាម។

សូមជម្រាបថា ផ្អែកតាមការស្នើសុំពីភាគីJICA និងដោយ មានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី អង្គភាពCMAC បានរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជាជូនគណៈប្រតិភូនៃប្រទេសអ៊ុយក្រែនចំនួន ០៨នាក់ មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងអង្គភាព SESU ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាស្វែងយល់បន្ថែមទៀតពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។ហើយកន្លងមក អង្គភាព CMAC បានផ្ដល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនចំនួន០២លើកមកហើយដល់មន្រ្ដីជំនាញមកពីអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដោយលើកទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នៅកម្ពុជា និងលើកទី២ ក្រោមកិច្ចសហប្រតិ បត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣ នៅប្រទេសប៉ូឡូញ ដោយទទួលបានលទ្ធផលប្រកបដោយជោគជ័យគួរជាទីមោទនៈ៕ អត្ថបទ:ភារម្យ











