
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានប្តេជ្ញាដើម្បីតាមស្វែងរកមេក្លោងនៃការវាយប្រហារ សាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ ដែលបានបណ្តាលឲ្យមនុស្ស ១៤៤នាក់ស្លាប់ នៅក្នុងការវាយប្រហាដ៏អាក្រក់បំផុតលើដីរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ហើយបានជំរុញឲ្យភ្នាក់ងារអនុវត្តច្បាប់របស់ខ្លួន រឹតបន្តឹងសន្តិសុខនៅតាមកន្លែងជួបជុំធំៗ។
លោកពូទីន បានព្យាយាមម្តងហើយម្តងទៀត ដើម្បីភ្ជាប់ការសម្លាប់ថ្ងៃទី ២២ ខែមីនា ទៅនឹងអ៊ុយក្រែននិងលោកខាងលិច ទោះបីជាក្រុមរដ្ឋឥស្លាមអះអាងទទួលខុសត្រូវ និងការបដិសេធយ៉ាងខ្លាំងក្លារបស់ទីក្រុង គីវ ក៏ដូចជាការព្រមានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះទីក្រុងមូស្គូប៉ុន្មានថ្ងៃ មុនការវាយប្រហារនេះ បានកើតឡើង។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃដែលត្រួតពិនិត្យកម្លាំងនគរបាលរបស់ប្រទេសនេះ លោក ពូទីន បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការកំណត់ «មិនត្រឹមតែជនល្មើសនៃកំហឹងនេះប៉ុណ្ណោះទេ ថែមទាំងការភ្ជាប់ទាំងអស់នៅក្នុងខ្សែសង្វាក់ និងអ្នកទទួលផលរបស់នៃការវាយប្រហារនេះ។
លោកបានបន្ថែមថា នៅក្នុងការគំរាមកំហែងជាក់ស្តែងនៃការសងសឹក៖«អ្នកដែលប្រើអាវុធនេះប្រឆាំងនឹងរុស្ស៊ី គួរតែដឹងថា វាគឺជាអាវុធមុខពីរ»។
លោក ពូទីន បានបញ្ជាក់ថា មេខ្លោងនៃការវាយឆ្មក់ទៅលើសាលប្រគុំតន្ត្រី បានព្យាយាម«សាបព្រោះភាពមិនចុះសម្រុង និងភាពស្លន់ស្លោ ជម្លោះ និងការស្អប់ នៅក្នុងប្រទេសរបស់យើង ដើម្បីបំបែកប្រទេសរុស្ស៊ីចេញពីខាងក្នុង ដោយបន្ថែមថា៖«យើងមិនត្រូវអនុញ្ញាតឲ្យពួកគេ ធ្វើដូច្នេះទេ» ។
លោកបានបន្តថា៖ «វាជាការមិនអាចទទួលយកបានក្នុងការប្រើព្រឹត្តិការណ៍សោកនាដកម្មនេះ ដើម្បីបង្កឲ្យមានភាពតានតឹងជនជាតិភាគតិច ការរើសអើងពូជសាសន៍ និងការស្អប់សាសនាឥស្លាម»។
ភ្នាក់ងារសន្តិសុខរុស្ស៊ី បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលសុទ្ធតែជាពលរដ្ឋនៃប្រទេសតាហ្ស៊ីគីស្ថាន និងអ្នកសមគំនិត ៧នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់។