អូស្ត្រាលី៖ ប្រជាពលរដ្ឋអូស្ត្រាលីជាង ១៣លាននាក់ប្រហែលចំនួនពាក់កណ្ដាលនៃប្រជាជនសរុបកំពុងស្ថិតក្នុងវិធានការបិទខ្ទប់ បន្ទាប់ពីរដ្ឋទី៣ បានអនុវត្តវិធានការរឹតត្បិតនានា ដើម្បីបញ្ឈប់ការផ្ទុះរាលដាលវីរុសបម្លែងខ្លួនថ្មី Delta។

រដ្ឋ South Australia ដែលជាផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១លាន ៧សែននាក់ដែលបានចូលរួមជាមួយរដ្ឋ Victoria និងតំបន់ខ្លះនៃរដ្ឋ New South Wales កំពុងស្ថិតក្នុងវិធានការបិទខ្ទប់បង្ការការឆ្លងរាលដាលជំងឺ COVID-19 កាលពីថ្ងៃអង្គារ។ ប្រជាពលរដ្ឋតំបន់នេះនឹងត្រូវស្នាក់នៅក្នុងផ្ទះរយៈពេល ៧ថ្ងៃបន្ទាប់ពីរកឃើញករណីឆ្លងចំនួន ៥នាក់។ កំហឹងនៅក្នុងប្រទេសអូស្ត្រាលីកំពុងតែកើនឡើង ជុំវិញយុទ្ធសាស្ត្រនៃការបិទខ្ទប់ក្នុងនោះទីក្រុងធំៗពីរគឺ Sydney និងMelbourne កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយពុំដឹងថានឹងបើកនៅពេលណា។
ការបិទខ្ទប់ត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង ពីសំណាក់កងកម្លាំងនគរបាលដើម្បីធានាថា ប្រជាពលរដ្ឋបានអនុវត្តន៍វិធានការទាំងនេះយ៉ាងខ្ជាប់ខ្ជួន។ រហូតមកដល់ពេលថ្មីៗនេះ ប្រទេសអូស្ត្រាលីត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការបិទព្រំដែន កម្មវិធីដាក់ឲ្យនៅដាច់ដោយឡែក និងការបិទខ្ទប់ភ្លាមៗបានទាន់ពេលវេលា។ ប្រទេសអូស្ត្រាលីមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៣២,២៦៦នាក់បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ១៣៧នាក់ ខណៈអ្នកស្លាប់មាន ៩១៥នាក់៕
អត្ថបទ៖ សុខមាន