អូឡាំពិក៖ ទីក្រុង Brisbane ប្រទេសអូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣២ និងប៉ារ៉ាឡាំពិក នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC។

ការទទួលបានសិទ្ធិរៀបចំលើកនេះមានន័យថា ជាលើកទី៣ ដែលហើយដែលប្រទេសអូស្ត្រាលីទទួលសិទ្ធិ រៀបចំការប្រកួតព្រឹត្តិការណ៍អូឡាំពិក បន្ទាប់ពីធ្លាប់រៀបចំពីរដងនៅឆ្នាំ ១៩៥៦ ទីក្រុង Melbourne និងឆ្នាំ២០០០ ទីក្រុងស៊ីដនី។ ការប្រកាសរបស់ IOC នៅទីក្រុងតូក្យូក៏មានការអបអរសាទរពីប្រតិភូអូឡាំពិករបស់អូស្ត្រាលី រួមជាមួយការនឹងការត្រៀមលក្ខណៈអបអរបាញ់កាំជ្រួចនៅទីក្រុង Brisbane។ ក្រៅពីទីក្រុង Brisbane ប្រទេសផ្សេងទៀតសុទ្ធតែមានចំណាប់អារម្មណ៍ព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្តងនេះផងដែរដូចជាប្រទេសឥណ្ឌូនេស៊ី ចិន កាតា ហុងគ្រី និងអាល្លឺម៉ង់។ ទីក្រុង Brisbane ស្ថិតនៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ហើយរដ្ឋមួយនេះក៏ធ្លាប់រៀបចំការប្រកួតកីឡា Commonwealth Games ផងដែរនៅឆ្នាំ២០១៨៕
អត្ថបទ៖នាង សុភាវុធ