បាល់ទាត់៖ ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា រឺមិត្តហ្វូនខាំបូឌានលីគឈានដល់សប្តាហ៍ទី១០ ហើយ ខណៈមួយប្រកួតលើកទៅលេងដើមសប្តាហ៍ក្រោយ និងពីរប្រកួតត្រូវដូរម៉ោងប្រកួត។
យោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា ការប្រកួតរវាងគីរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀងនៅខេត្តតាកែវថ្ងៃទី២៤ ខែកក្កដា ដូរពីម៉ោង ៣និង៣០នាទីរសៀលមកលេងម៉ោង០៣ និង០០នាទីវិញ ចំនែកការប្រកួតរវាងអាស៊ីអឺរ៉ុប និងអង្គរថាយហ្គឺរនៅ AEU Sport Park ថ្ងៃទី២៥ ខែកក្កដាក៏ដូរមកលេងនៅម៉ោង៣និង០០នាទីរសៀលដែរ។ រីឯការប្រកួតរវាងបឹងកេត និងនគរបាលជាតិដែលគ្រោងលេងនៅសប្តាហ៍នេះ ត្រូវលើកទៅលេងនៅថ្ងៃទី២៧ ខែកក្កដាវេលាម៉ោង ៣និង៣០នាទីរសៀលនៅកីឡដ្ឋាន Cambodia Airways។ សម្រាប់ការប្រកួតដែល ប៊ីធីវី ផ្សាយផ្ទាល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ការប្រកួតប្រកួតរវាងគីរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀងម៉ោង ៣និង០០នាទី និងការប្រកួតរបស់ភ្នំពេញក្រោន និងវិសាខាម៉ោង ៦និង០០នាទីនៅកីឡដ្ឋាន RSN។ ការប្រកួតថ្ងៃទី២៥ ខែកក្កដា BTV News ផ្សាយផ្ទាល់ការប្រកួតរវាងអាស៊ីអឺរ៉ុប និងអង្គរថាយហ្គឺរម៉ោង ៣និង០០នាទីរសៀល។
ក្រោយលេងបាន ៩ប្រកួតអង្គរថាយហ្គឺរឈរនៅកំពូលតារាងមាន ១៩ពិន្ទុ លេខ២ វិសាខាមាន ១៨ពិន្ទុ លេខ៣ ណាហ្កាវើលដ៍មាន ១៧ពិន្ទុក្រោយលេងបាន ៨ប្រកួតម្នាក់ លេខ៤ភ្នំពេញក្រោន ៦ប្រកួតមាន ១៦ពិន្ទុ ដូចគ្នានឹងក្រុមលេខ៥ ព្រះខ័នរាជស្វាយរៀង ឯលេខ៧ កងយោធពលខេមរភូមិន្ទ ៨ប្រកួត ១៤ពិន្ទុ គីរីវង់សុខសែនជ័យ ៧ប្រកួត ៩ពិន្ទុ ខណៈអាស៊ីអឺរ៉ុប និងអគ្គិសនីមាន ៦ពិន្ទុដូចគ្នា ព្រៃវែង ៤ពិន្ទុ នគរបាលជាតិ ១ពិន្ទុ ដោយឡែកសូលទីឡូអង្គរនៅតែមិនទាន់មានពិន្ទុនៅឡើយ ៨ប្រកួតចាញ់ទាំង៨៕
អត្ថបទ៖ គង់ ហួន