កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងស៊ីម៉ាក់ទាំងអស់ ត្រូវប្តេជ្ញាចូលរួមបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលមានក្នុងទិន្នន័យជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាអោយអស់ត្រឹមឆ្នាំ២០២៥ ។ ដោយឡែកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលមិនមាននៅក្នុងទិន្នន័យជាតិ ក៏ត្រូវបន្តបោសសំអាតអោយអស់ពីទឹកដីកម្ពុជា ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាជនសំរាប់មុខរបរកសិកម្ម និងវិស័យផ្សេងៗទៀតក្នុងការអភិវឌ្ឍន៍ប្រទេសយើង។
ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសដឹកនាំប្រតិបត្តិការបោសសម្អាត និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ជំនាន់ទី១២ ចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ និងវគ្គហ្វឹកហ្វឺនលំហាត់របៀបនិយាមកងទ័ព វគ្គទី០១ ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម ហេង រតនា បានបន្តថា៖ ជាទូទៅអាចនឹងមានអ្នកគិតថា កម្ពុជានឹងអស់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ២០២៥ខាងមុខ ។ ក៏ប៉ុន្តែពាក់ព័ន្ធនឹងការខិតខំបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអោយអស់ក្នុងឆ្នាំ២០២៥នេះ គឺជាទិន្នន័យជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយើងបានដឹងតែប៉ុណ្ណោះ ។ នៅតំបន់មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនទៀតដែលយើងមិនបានដឹងច្បាស់នៅឡើយ ដែលតំបន់ខ្លះយើងមិនទាន់មានផ្លូវធ្វើដំណើរទៅដល់ និងមួយចំនួនទៀតកប់ជ្រៅនៅក្នុងដីជាដើម។ ការងារទាំងនេះ ជំរុញអោយកម្លាំងអង្គភាពស៊ីម៉ាក់យើង ត្រូវបន្តការខិតខំបន្ថែមទៀត ដើម្បីប្រជាជន និងសង្គមជាតិយើង បើយើហសំអាតមិនអស់នៅពេលនេះ វានឹងនៅជាប់ក្នុងដី និងតំបន់ខ្លះទៀតរាប់ទស្សវត្សតទៅទៀត។ ទិន្នន័យគ្រាប់បែកទំលាក់ពីយន្តហោះដែលច្បាស់លាស់បំផុត គឺទិន្នន័យដែលរាជរដ្ឋាភិបាលកម្ពុជាយើងបានស្រាវជ្រាវ ថាតើប្រទេសណាខ្លះបានទម្លាក់មកលើដីកម្ពុជាយើង យន្តហោះប្រភេទណា និងប្រើគ្រាប់អ្វីខ្លះ ។
នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រតិបត្តិការបោសសម្អាតមីន និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ជំនាន់ទី១២ និង វគ្គហ្វឹកហ្វឺនលំហាត់របៀបនិយាមកងទ័ពនេះ ធ្វើឡើងដោយមានតម្រូវការចាំបាច់ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងដល់មន្ត្រីបុគ្គលិកតាមបណ្ដាលកងឯកភាព ផ្នែកបោសសម្អាតមីននិងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៕ ដោយ ៖ កាំង ហុងវាស្នា








