
រដ្ឋបាលក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល ចាត់វិធានការជាច្រើន ដើម្បីបញ្ឈប់ការរីករាលដាលឆ្លងជំងឺគ្រុនឈាម ស្របពេលដែលប្រទេសមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងច្រើនបំផុតជាប់កំណត់ត្រាដែលបានសម្លាប់មនុស្សជាង ១.១០០នាក់ ក្នុងឆ្នាំ ២០២៤នេះ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្រុង Rio de Janeiro បានដាក់ចេញយុទ្ធសាស្រ្ត ដើម្បីកម្ចាត់មូសមានផ្ទុកបាក់តេរី Wolbachia ជាការកាត់បន្ថយការចម្លងជំងឺកើតចេញពីមូស ដូចជាជំងឺគ្រុនឈាម ។ Wolbachia គឺជាបាក់តេរីធម្មតាមាននៅក្នុងសត្វល្អិត រួមទាំងសត្វមូសផងដែរ ។
ពួកគេបានបង្កើនយុទ្ធនាការប្រឆាំងការរីករាលដាលឆ្លងជំងឺគ្រុនឈាម ជាមួយនឹងបច្ចេកទេសគ្រប់គ្រងជីវសាស្រ្តដោយប្រើប្រាស់ត្រីក្រឹមឲ្យស៊ីដង្កូវទឹកនៅក្នុងអាង ។
ប្រេស៊ីល បានដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម Qdenga របស់ក្រុមហ៊ុន Takeda Pharmaceuticals ទៅក្នុងប្រព័ន្ធសុខភាពសាធារណៈរបស់ខ្លួន ដោយពួកគេរំពឹងថា ប្រជាពលរដ្ឋ ៣,២លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ ។
សូមបញ្ជាក់ថា ចន្លោះខែមករា និងខែមីនា ឆ្នាំ ២០២៤នេះ ករណីសង្ស័យជំងឺគ្រុនឈាមចំនួន ២.៨៩៩.០០០ករណី ត្រូវបានចុះបញ្ជីនៅប្រទេសប្រេស៊ីល ពោលគឺកើនឡើង ៥ដងនៃតួលេខកាលពីឆ្នាំ ២០២៣ ៕