
សកម្មជនហ្វីលីពីនរាប់រយនាក់ បានចេញធ្វើបាតុកម្មនៅក្នុងទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសានេះ ដើម្បីតវ៉ាចំពោះកិច្ចប្រជុំកំពូលត្រីភាគីរវាងសហរដ្ឋអាមេរិក ហ្វីលីពីន និងប្រទេសជប៉ុន ដែលនឹងធ្វើឡើងទៅនៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី សហរដ្ឋអាមេរិក ។
ក្រុមសកម្មជន បានហែកទង់ជាតិអាមេរិក និងផ្ទាំងរូបភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងរូបភាពប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ខណៈពួកគេបានរិះគន់ខ្លាំងៗលោក Marcos សម្រាប់ការប្រើប្រាស់ការអះអាងសិទ្ធរបស់ហ្វីលីពីនលើដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ដើម្បីគាំទ្ររបៀបវារៈភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក។
ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Marcos បានពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុនកាន់តែស៊ីជម្រៅ ខណៈការប៉ះទង្គិចដែនសមុទ្រជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូង រីកកាន់តែធំ។
លោក Marcos បានអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពនៅហ្វីលីពីន ដែលទាហានអាមេរិកអាចចូលមកបាន ក្រោមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិដែលបានពង្រឹង ហើយកិច្ចពិភាក្សាកំពុងដំណើរការជាមួយប្រទេសជប៉ុន សម្រាប់កិច្ចព្រមព្រៀងដំណើរការចូលទៅវិញទៅមក ដែលនឹងអនុញ្ញាតឱ្យមានវត្តមានកងកម្លាំងជប៉ុននៅលើដីប្រទេសហ្វីលីពីន។
ប្រទេសចិនអះអាងសិទ្ធស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដោយប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ ក៏បានអះអាងសិទ្ធដែនដីដូចគ្នានេះដែរ។