
ការតម្រង់ជួរយ៉ាងវែងរបស់ពលរដ្ឋដែលព្យាយាមចាកចេញពីមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញនៅតាមព្រំដែនថៃនាថ្ងៃព្រហស្បតិ៍នេះ ពេលដែលយោធារាប់រយនាក់ បានដកទ័ពទៅកាន់ស្ពានដែលតភ្ជាប់ទីក្រុងព្រំដែន Myawaddy ជាមួយប្រទេសថៃ ។
យោងតាមការអះអាងរបស់អ្នកនាំពាក្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ាប្រមាណ ២០០នាក់ បានដកទ័ព បន្ទាប់ពីមានការវាយលុកជាច្រើនថ្ងៃនៅក្នុងតំបន់ដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ។
រដ្ឋាភិបាលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា កំពុងធ្វើសង្រ្គាមជាមួយក្រុមឧទ្ទាមប្រដាប់អាវុធនៅខ្សែត្រៀមមុខជាច្រើន រួមទាំងនៅតំបន់ព្រំដែនរបស់ខ្លួនផងដែរ ប៉ុន្តែការឆ្លងកាត់ព្រំដែននៅបើកដដែល សម្រាប់ជនស៊ីវិល ដែលចង់ចូលទៅក្នុងប្រទេសថៃ ចេញពីមីយ៉ាន់ម៉ា ក្នុងចំនួនដ៏ច្រើនលើសលប់ ។
ប្រធានអន្តោប្រវេសន៍នៅច្រកព្រំដែន Mae Sot និយាយថា មនុស្សជិត ៤ពាន់នាក់ បានឆ្លងកាត់ព្រំដែនចូលទៅកាន់ទីក្រុងព្រំដែនដី ក្នុង១ថ្ងៃ ដែលកាលពីរយៈពេលប៉ុន្មានថ្ងៃមុនមានត្រឹមតែ ២ពាន់នាក់ប៉ុណ្ណោះ ក្នុង ១ថ្ងៃ ។
ដោយឡែក យោធាថៃ បានរឹតបន្តឹងសន្តិសុខផងដែរ នៅតាមភូមិព្រំដែនភាគខាងលិចជាប់នឹងសហភាពមីយ៉ាន់ម៉ា ជាទីដែលក្រុមឧទ្ទាមប្រឆាំងរបបសឹក បានបន្តប៉ះទង្គិចជាមួយយោធាទន់ខ្សោយ ដែលបានរងបរាជ័យជាបន្តបន្ទាប់នៅក្នុងតំបន់ជួរមុខ ។
សូមបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១ បន្ទាប់ពីទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតនោះ បានប្រឈមការបរាជ័យជាបន្តបន្ទាប់ ពេលធ្វើសង្រ្គាមជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងចលនាកងជីវពលស៊ីវិល ៕