សៀមរាប៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាម្ចាស់មន្ទីរសម្ភពយីហោ «ស៊ឹងរិទ្ធីរ៉េត២៤ម៉ោង» លោក ស៊ឹង រិទ្ធីរ៉េត បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានចោទប្រកាន់លោក ពីបទរំលោភលើទំនុកចិត្ដពីឈ្មោះ សំ សុខហេន ជាមន្ដ្រីប៉ូលិស នៅខេត្ដសៀមរាបថា មានភាគហ៊ុន២៥% ក្នុងការទិញដីធ្វើគ្លីនិកឯកជន ក្នុងក្រុងខេត្ដសៀមរាប កាពីពេលថ្មីៗនេះ។
លោក បានអះអាងថា ការប្ដឹងលោកគឺជារឿងមិនពិត និងជាការមួលបង្កាច់បង្ខូចកិត្តិយសរបស់លោកមន្ដ្រីរាជការ តាមបណ្ដាញសាព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក។
លោក ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាល បានបន្ដថា លោក សំ សុខហេន ជាប៉ូលិសស័ក្ដិ៤ នៅស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានផ្ដល់ព័ត៌មានដល់បណ្ដាញសារព័ត៌មានឲ្យចុះផ្សាយលោកពីបទរំលោភលើទំនុកចិត្ដ ដោយថាមន្ដ្រីប៉ូលិសរូបនោះមានភាគហ៊ុន២៥% ជាមួយគ្លីនិកឯកជនរបស់លោក។
លោកថា ការប្ដឹងឲ្យព័ត៌មានចុះផ្សារបែបនេះ ជារឿងមិនពិត និងជារឿងអយុត្ដិធម៌បំផុត ពិសេសផ្សាយបរិហារកេរិ៍តាមបណ្ដាញព័ត៌មាន ព្រោះថា លោក សំ សុខហេន គ្មានដើមទន់ ក៏ដូចជាយកថវិកាមួយរៀលចូលរួមជាមួយលោកនោះឡើយ។
លោក បានបន្ថែមថា លោកបានទិញដីធ្វើគ្លីនិកនេះតម្លៃជាង៥០ម៉ឺនដុល្លា ដោយលោកបានខ្ចីលុយពីធនាគារ ដោយបង់ធនាគារជារៀងរាល់ខែ ដោយគ្មានឈ្មោះលោក សំ សុខហេន ជួយបង់នោះឡើយ។
លោកថា លោក សំ សុខហេននេះប្ដឹងលោកពីរំលោភលើទំនុកចិត្ដទៅសាលាឧទ្ធរណ៍ពីបទរំលោភលើទំនុកចិត្ដ ព្រមបានទាំងចុះផ្សាយអាក្រក់ពីលោកតាមបណ្ដាញសារព័ត៌មាននេះ ដោយសារលោកបានប្ដឹងឈ្មោះ សុខ ហេន ទៅតុលាការខេត្ដសៀមរាប រឹបអូសផ្ទះជួលនៅបុរីប្រិមប្រិយមកវិញ ក្រោយពីអត់បានបង់ឈ្នួលថ្លៃផ្ទះជាងមួយឆ្នាំ ព្រមទាំងប្ដឹងទារលុយដែលជំពាក់លោកជាង៥ម៉ឺនដុល្លាជាង៥ឆ្នាំផងដែរ។
លោក បានបន្ដថា លោក សំ សុខហេន មិនត្រឹមតែមិបបង់ថ្លៃផ្ទះជួល និងសងលុយជំពាក់នោះទេ ថែមទាំងនៅជំពាក់លុយខ្ចីលោករាប់ម៉ឺនដុល្លារមិនព្រមសងថែមទៀត។ជាងនោះទៅទៀត លោក សំ សុខហេ នេះ បានជំពាក់លុយ ១.ថ្លៃឈ្នួលរថយន្ដពេទ្យដឹកសាកសពជនបរទេស ទៅភ្នំពេញចំនួន៣ពាន់ដុល្លា ២. ថ្លៃម៉ាស៊ីនភ្លើង ១គ្រឿង៣៥០០ដុល្លារ ៣. យកលុយខ្ញុំ៦ពាន់ដុល្លារ ទៅរត់ការដី អត់បានលទ្ធផលអ្វីទាំងអស់ ៤. យកលុយ ៣ ពាន់ដុល្លារទៀតទៅរត់ការដីទៀតអត់បានលទ្ធផលអ្វីទាំងអស់ដដែល បែជាចុះផ្សាយថាមានភាគហ៊ុន ២៥% ក្នុងការទិញដីទៅវិញ ។
លោក បានបន្ដថា បើសិនលោក សំ សុខហេន នៅតែបង្ខូចកេរ្តិ៍ឈ្មោះលោក តាមបណ្ដាញសង្គមហ្វេប៊ុក និងតាមបណ្ដាញសារព័ត៌មាន ដែលធ្វើអោយប៉ះពាល់កិត្ដិយសលោកបន្ដទៀតនោះ លោកនឹងប្ដឹងឈ្មោះ សំ សុខហេន សារជាថ្មីទៀត ព្រោះថា លោកធ្លាប់ប្ដឹងទៅតុលាការពីបទបរិហារកេរ្តិ៍ ។
លោក បានបន្ដថា រាល់ពេលលោក សំ សុខហេន ជំពាក់លុយ និងជួលផ្ទះសុទ្ធសឹងជាមានលិខិតនិងស្នាមមេដៃ និងសាក្សីត្រឹមត្រូវ។លោក បានបញ្ជាក់ថា ការចុះតាមបណ្ដាញសារព័ត៌មានថាលោក សំ សុខហេន មានភាគហ៊ុន ជាង២៣ម៉ឺនដុល្លា ជាមួយខ្ញុំបាទក្នុងការទិញដីគ្លីនិក «ស៊ឹងរិទ្ធីរ៉េត» នោះជារឿងមិនពិត ទេសូមបដិសេធចោលទាំងស្រុង ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានបានចុះផ្សាយថា ម្ចាស់គ្លីនិកយីហោ “ស៊ឹងរិទ្ធីរ៉េត” លោក ស៊ឹង រិទ្ធីរ៉េត ត្រូវបានប៉ូលីសស័ក្ដិ៤កន្លះ ម្នាក់ប្ដឹងពីបទរំលោកលើសេចក្ដីទំនុកចិត្ដ ក្នុងទឹកប្រាក់២៣ម៉ឺន៥ពាន់ដុល្លា ដែលជាភាគហ៊ុនក្នុងការទិញដីធ្វើគ្លីនិកព្យាបាលជំងឺ នៅក្រុងសៀមរាប ដែលប្ដឹងដោយលោកវរៈសេនីយ៍ទោ សំ សុខហេន ជានាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រ នៃស្នងការនគរបាលខេត្ដសៀមរាប ពីបទរំលោភលើទំនុកចិត្ដ ទៅតុលាការខេត្ដសៀមរាប កាលពីខែតុលាឆ្នាំ២០២០ ទាមទារភាគ២៥ភាគរយពីម្ចាស់គ្លីនិកស៊ឹងរីទ្ធីរ៉េត ប៉ុន្ដែត្រូវបានតុលាការ តម្កល់រឿងមិនចាត់ការ ព្រោះគ្មានភស្ដុតាង និងឯកសារ ផ្លូវច្បាប់ត្រឹមត្រូវ និងច្បាស់លាស់។
ក្រោយពីតុលាការមិនចាត់ការ មន្ដ្រីប៉ូលីសរូបនោះ ធ្វើបទសម្ភាសន៍ដល់អ្នកសារព័ត៌មាន អោយចុះផ្សាយគំរាមកំហែងបរិហារកេរ្តិ៍លោក ពីបទរំលោភលើទំនុកចិត្ត ខណៈដែលមន្ដ្រីប៉ូលីស រូបនេះគ្មានភាគហ៊ុនសូម្បីតែមួយរៀល និងនៅជំពាក់លុយរូបលោករាប់ម៉ឺនដុល្លារទៀត ដែលកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ ។
លោក ស៊ឹង រិទ្ធីរ៉េត ស្នើឱ្យបណ្ដាញសារព័ត៌មាន ពិចារណាអោយបានត្រឹមត្រូវមុនធ្វើការចុះផ្សាយពីនណាម្នាក់ ត្រូវមានភស្តុតាងឯកសារបញ្ជាក់ត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរអ្នកដទៃ។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ យើងមិនអាចសុំការបញ្ជាក់ពីឈ្មោះ សំ សុខហេន ជាមន្ដ្រីប៉ូលីសស័ក្ដិ៤ នៅខេត្ដសៀមរាប បាននៅឡើយទេ អង្គភាពយើងនឹងរងចាំការបកស្រាយរាល់ម៉ោងបំពេញការងារ៕
អត្ថបទ ៖ សាវី


