
លោក ចេមេសុន ហ្សាក (Jameson Jacques) បានរស់នៅក្នុងជម្រកបណ្តោះអាសន្នមួយ ក្នុងរដ្ឋធានីនៃប្រទេសហៃទីជាមួយកូនបីនាក់របស់គាត់ ចាប់តាំងពីក្រុមជនអន្ធពាលដុតផ្ទះគាត់ ដោយសម្លាប់ឪពុកម្តាយរបស់គាត់។
ដូចគាត់ដែរ មនុស្សជាច្រើននៅទីក្រុងព័រអូប្រាំង ( Port-au-Prince) បាននិងកំពុងស៊ូទ្រាំនឹងទម្លាប់ប្រចាំថ្ងៃដ៏អាក្រក់រយៈពេលមួយខែ បន្ទាប់ពីការប្រកាសនៃក្រុមប្រឹក្សាគ្រប់គ្រងអន្តរកាល ដែលមិនទាន់ត្រូវបានបញ្ចប់ មានន័យថា នឹងដាក់ប្រទេសឡើងវិញនៅលើផ្លូវឆ្ពោះទៅរកការធ្វើឲ្យមានសណ្តាប់ធ្នាប់ និងជាយថាហេតុ ឆ្ពោះទៅកាន់ការបោះឆ្នោត។
ទីក្រុងនេះ គឺជាទីដែលគ្រោះថ្នាក់ និងចលាចលនាពេលបច្ចុប្បន្ននេះ។ ការដើរតាមដងផ្លូវ គឺគួរឲ្យភ័យខ្លាចក្នុងការជាប់ក្នុងអំពើហិង្សាដោយចៃដន្យ ការចាប់ជំរិត ការលួចរថយន្ត ការរំលោភ ឬការបាញ់ប្រហារ នៅពេលដែលក្រុមជនអន្ធពាលវាយប្រហារទៅលើនគរបាល ជនអន្ធពាលគ្នាឯង ឬអ្នកឈរមើលដែលជាជនស្លូតត្រង់។
លោកហ្សាកដែលមានអាយុ៣០ឆ្នាំ បាននិយាយថា៖«ទីក្រុងព័រអូប្រាំង បានក្លាយទៅជាទីកន្លែងមិនអាចរស់បាន។ «បើខ្ញុំមានលុយ ខ្ញុំទុកទៅរស់នៅទីរួមខេត្តណាមួយជាមួយកូនទាំងបីនាក់របស់ខ្ញុំ»។
ប្រទេសហៃទី បានរងទុក្ខវេទនាពីភាពក្រីក្រ អស្ថិរភាពនយោបាយ និងគ្រោះមហន្តរាយធម្មជាតិជាច្រើនទសវត្សរ៍មកហើយ ហើយឥឡូវនេះ វាកំពុងប្រឈមមុខនឹងរលកនៃអំពើហិង្សាពីក្រុមជនអន្ធពាលដ៏មានឥទ្ធិពលដែលគ្រប់គ្រងភាគច្រើននៃទីក្រុង និងភាគច្រើននៃប្រទេសនេះ។