
នាវាផ្ទុកយន្តហោះ Charles de Gaulle របស់ប្រទេសបារាំង និងក្រុមវាយប្រហាររបស់ខ្លួន នឹងដាក់ពង្រាយ ក្រោមការបញ្ជារបស់អង្គការណាតូជាលើកដំបូង ខណៈដែលនាវាចម្បាំងរបស់កងទ័ពជើងទឹកបារាំង ចាប់ផ្តើមប្រតិបត្តិការឡើងវិញ បន្ទាប់ពីការថែទាំបណ្តោះអាសន្នដែលបានរក្សាវាឲ្យនៅក្រៅសកម្មភាពភាគច្រើន កាលពីឆ្នាំមុន។
លោកឧត្តមនាវីឯក ហ្សាក ម៉ាលឡាដ (Jacques Mallard) មេបញ្ជាការនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះចម្បាំងបារាំង បាននិយាយថា នាវា Charles de Gaulle ជាមួយនឹងការអមដំណើររួមមាន នាវាចម្បាំងការពារដែនអាកាសបារាំង នាវាចម្បាំងពហុមុខងារ និងនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរ នឹងចាប់ផ្តើមដាក់ពង្រាយ នៅសមុទ្រមេឌីទែរ៉ាណេ នៅថ្ងៃទី២២ ខែមេសា ។ នាវាជាច្រើនគ្រឿនមកពីសហរដ្ឋអាមេរិក អេស្ប៉ាញ ក្រិក អ៊ីតាលី និងព័រទុយហ្គាល់ នឹងធ្វើការអមដំណើររហូតដល់ចប់សព្វគ្រប់។
លោកម៉ាលឡាដ បានបន្ថែមថា ខណៈដែលយន្តហោះ និងនាវាផ្ទាល់ខ្លួនរបស់បារាំង បានដំណើរការពីមុនក្រោមការដឹកនាំរបស់អង្គការណាតូ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះរហូតមកដល់ពេលនេះ នៅតែស្ថិតនៅក្រោមការបញ្ជាពីថ្នាក់ជាតិ។
លោកម៉ាលឡាដ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមេសាថា ការដាក់ពង្រាយនាវាក្រោមការបញ្ជារបស់សម្ព័ន្ធភាពសម្រាប់ផ្នែកមួយនៃការធ្វើដំណើរដែលរំពឹងទុកនោះ គឺមានបំណងបង្ហាញថា យើងជាសម្ព័ន្ធមិត្តដែលកំពុងធ្វើនូវអ្វីដែលមនុស្សគ្រប់គ្នា កំពុងធ្វើ ប៉ុន្តែក៏ត្រូវយល់ពីរបៀបដែលខ្សែសង្វាក់របស់ទីបញ្ជាការ ដំណើរការផងដែរ។ «នេះ គឺជាលើកដំបូង ប៉ុន្តែវាជាការបន្តដ៏សមហេតុសមផលនៃអ្វីដែលកំពុងកើតឡើង រហូតមកដល់ពេលនេះ»។
គោលដៅ គឺដើម្បី«ពង្រឹងជំហរការពារ និងការការពារនៃសម្ព័ន្ធភាព» ក៏ដូចជាប្រតិបត្តិការគាំទ្រ ដែលគាំទ្រដល់ស្ថិរភាព ក្នុងតំបន់ ដោយផ្តោតលើតំបន់មេឌីទែរ៉ាណេភាគកណ្តាល និងភាគខាងកើត នេះបើយោងតាមបទបង្ហាញរបស់លោកម៉ាលឡាដ។ ការដាក់ពង្រាយទាំងមូល អាចមានរយៈពេលប្រហែល ៦សប្តាហ៍ នេះបើយោងតាមក្រសួងកងកម្លាំងប្រដាប់អាវុធ។