
យ៉ាងហោចណាស់មនុស្ស៩នាក់ស្លាប់ និង១៥នាក់នៅបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានក្រឡាប់ នៅក្នុងដែនទឹកនៅភាគខាងត្បូងប្រទេសអ៊ីតាលី។ យោងតាមឆ្មាំល្បាតឆ្នេរអ៊ីតាលី និងក្រុមឃ្លាំមើលរបស់អង្គការក្រៅរដ្ឋាភិបាល បាននិយាយថា ទូកនេះបានដឹកមនុស្ស ៤៦នាក់ មកពីប្រទេសបួគីណាហ្វាសូ ប្រទេសហ្គីណេ កូដឌីវ័រ និងប្រទេសម៉ាលី បានក្រឡាប់ហើយលិច ក្នុងពេលពេលមានខ្យល់បក់ខ្លាំង រយៈពេលបីថ្ងៃបន្ទាប់ពីទូកបានចាកចេញពីទីក្រុង Sfax ក្នុងប្រទេសទុយនីស៊ី។
ឆ្មាំល្បាតឆ្នេរ បាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្ស២២នាក់ និងបានរកឃើញសាកសព៨នាក់ រួមមានទាំងក្មេងស្រីម្នាក់ ដែលត្រូវបានគេជឿថាមានអាយុចន្លោះពី ៤ ទៅ ៨ ឆ្នាំ។ ជនរងគ្រោះម្នាក់ផ្សេងទៀត ជាក្មេងប្រុស បានស្លាប់ មុនពេលដែលក្មេងនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកនៅរស់ជីវិត និងសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលរៀបចំឯកសារសម្រាប់ជនអន្តោប្រវេសន៍នៅកោះ Lampedusa ជាកោះនៅភាគខាងត្បូងប្រទេសអ៊ីតាលី។
ការលិចទូក ត្រូវបានគេជឿថាបានកើតឡើងនៅក្នុងដែនទឹកនៅចន្លោះកោះ Lampedusa និងប្រទេសម៉ាល់តា។
យោងតាមទិន្នន័យចុងក្រោយពីស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា ចំនួនសរុបនៃការមកដល់របស់ជនអន្តោប្រវេសន៍នៅអឺរ៉ុប ពីទូទាំង មហាសមុទ្រមេឌីទែរ៉ាណេ មានចំនួនប្រមាណ ៤៥.០០០នាក់ ដែលមានចំនួនច្រើនជាងប្រមាណ៥.០០០នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃអំឡុងឆ្នាំ២០២៣។
កាលពីឆ្នាំមុន ប្រទេសអ៊ីតាលី បានរាយការណ៍ពីការចូលចតរបស់ជនអន្តោប្រវេសន៍ជិត ១៥៨.០០០នាក់ និងមានអ្នកស្លាប់ជាង ១.៩០០នាក់នៅសមុទ្រ។ ទ្វីបអឺរ៉ុប បានទទួលជនអន្តោប្រវេសន៍ចំនួន ១៤.៦០០នាក់ ពីមហាសមុទ្រមេឌីទែរ៉ាណេ រហូតមកដល់ពេលនេះ នៅក្នុងឆ្នាំនេះ។