ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតអបអរសាទរជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។
តាមរយៈសារលិខិតនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវសមិទ្ធផលលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលសម្រេចបានកាលពីអាណត្តិទី៦ និងបន្តមកដល់អាណត្តិទី៧នេះ ក្នុងនោះសម្ដេចធិបតីបានបញ្ជាក់ថា រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាង នយោ បាយដ៏ត្រឹមត្រូវប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេសព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តធ្វើការកែទម្រង់ស៊ីជម្រៅ ព្រមទាំងប្រកាន់ខ្ជាប់អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការបន្តពង្រឹងអភិបាលកិច្ចល្អតាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្តកែទម្រង់លើវិស័យសំខាន់ៗការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្ស ការជំរុញបរិវត្តកម្មឌីជីផល ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត សំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រការបង្កើនប្រភពថាមពលអគ្គិសនី ការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។
សម្ដេចធិបតីបាន អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈម ហានិភ័យ និងឧបសគ្គទាំងឡាយសំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។
ក្នុងឱកាសនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងមកឱ្យបានគង់វង្សមិនឱ្យបុគ្គលណា ក្រុមណាឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។
សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨នេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូម លំឱនកាយវាចាចិត្ត គោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតា ឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជាជនខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានប្រគេនព្រះពរចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះរាជាគណៈ និងព្រះសង្ឃ គ្រប់ព្រះអង្គ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះសុខភាព ល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់ជាម្លប់របស់ពុទ្ធបរិស័ទក្នុង ព្រះរាជាណាចក្រកម្ពុជាយូរអង្វែងតទៅ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបាន ជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបាននិងកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាល ពលនគរបាលដែលបាននិងកំពុងរួមចំណែកការពារបូរណភាពទឹកដីនិងថែរក្សាការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៃមាតុភូមិ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន កម្មករ កសិករ និយោជិត ធុរជន និងវិនិយោគិនដែលកំពុងប្រកបធុរកិច្ចនៅលើទឹកដីកម្ពុជាទទួលបាននូវភាពជោគជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ។
សម្ដេចបានជូនពរទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី អភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និង ប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ៕ ដោយ ៖ ដារ់ា






