
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បានទូរស័ព្ទទៅសមភាគីអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន ( Hussein Amirabdollahian) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញឲ្យមានការបន្ថយភាពតានតឹង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៃការវាយប្រហាររបស់អ៊ីរ៉ង់ដោយផ្ទាល់ទៅលើអ៊ីស្រាអែល។
លោកស្រីបែបក់ បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសស៊ីលីលោក Alberto van Klaveren នៅទីក្រុងប៊ែរឡាំងថា៖«គ្មាននរណាម្នាក់ មិនគួរត្រូវបានអនុញ្ញាតឲ្យចាក់សាំងបន្ថែមទៅលើ ភ្លើងនោះទេ។
លោកស្រីបែបក់ បានថ្លែងថា៖«តួអង្គទាំងអស់នៅក្នុងតំបន់ ត្រូវបានជំរុញឲ្យធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងអនុវត្តការអត់ធ្មត់» ដោយបន្ថែមថា នេះគឺជាសារដែលលោកស្រី បានបញ្ជូនទៅកាលោកអាមីរ៉ាប់ឌូឡាហៀន ។
នៅពេលសួរថាតើការហៅទូរស័ព្ទនេះ ត្រូវបានសម្របសម្រួលជាមួយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកទេ លោកស្រីបានឆ្លើយតបថា៖«ខ្សែទូរស័ព្ទការទូតទាំងអស់ កំពុងដំណើរការឥតឈប់ឈរ នៅពេលនេះ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងក្នុងតំបន់នៅមជ្ឈិមបូព៌ា»។
លោកស្រីបែបក់ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីទំនាក់ទំនងរបស់លោកស្រីជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទេ។
មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាមីណេ( Ayatollah Ali Khamenei) បានគំរាមអ៊ីស្រាអែលម្តងហើយម្តងទៀតជាមួយនឹងការសងសឹក បន្ទាប់ពីការវាយប្រហារតាមអាកាសទៅលើបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស កាលពីដើមខែនេះ។