អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃម្សិលមិញ បានបន្តចុះយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ មុនថ្ងៃចូលសង្ក្រាន្តឆ្នាំថ្មី ក្នុងនោះបានរកឃើញមឹកបំពង់មានសាធាតុគីមីហាមឃាត់ Formalin និងបង្គារមានចាក់ចាហ៊ួយ សរុបចំនួន ១៣៥គីឡូក្រាម នៅតាមស្តង់លក់មួយចំនួនស្ថិតនៅម្តុំត្រឡោកបែក ដែលមានទីតាំងនៅផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ។

លោកបានលើកឡើងថា កិច្ចប្រតិបត្តិការត្រួតពិនិត្យថ្ងៃនេះ មានការចូលរួមសហការពីនាយកដ្ឋានមន្ទីរពិសោធន៍ ក.ប.ប. មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី។ ជាលទ្ធផល មឹកបំពង់មានសាធាតុគីមីហាមឃាត់ Formalin ចំនួន ៤៨គីឡូក្រាម និងបង្គារមានចាក់ចាហ៊ួយ ចំនួន ៨៧គីឡូក្រាម ត្រូវបានរកឃើញនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក។
ហើយត្រូវបានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គារមានចាក់ចាហ៊ួយនេះ និងមឹកបំពងមានសារធាតុគីមីហាមឃាត់តាមនីតិវិធី។

លោក ហេង មាលី បានបញ្ជាក់ទៀតថា ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្មលក់តាមស្តង់ ដែលតាំងលក់ផលិតផលគ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ទាំងអស់ ត្រូវលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ ក្នុងករណីផលិតផលណាដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមឲ្យប្រជាពលរដ្ឋ ផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាម CCF Complaint App នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕ អត្ថបទ៖ ឈិត បូរ៉ាវី





