
របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនមីយ៉ាន់ម៉ា ដែលមានប្រហែល ៥៥លាននាក់ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ជាតួលេខដែលកើនឡើងជិតទ្វេដង ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។
ដោយគូសបញ្ចាក់ពីការបាត់បង់ដែលប៉ះពាល់ដោយអំពើហិង្សា របាយការណ៍ថ្មីពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បង្ហាញថា ប្រជាជនមីយ៉ាន់ម៉ា ៤៩,៧ភាគរយ កំពុងរស់នៅជាមួយនឹងចំណូលក្រោម ១.៥៩០គីយ៉ាត ឬ ៧៥សេនដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ តួលេខនោះ គឺមានចំនួន ២៤,៨ភាគរយ ក្នុងឆ្នាំ២០១៧។
UNDP បានព្យាករពីផលអាក្រក់ថា៖ «ស្ថានភាពទំនងជាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត នៅពេលនៃការចេញផ្សាយរបាយការណ៍នេះ។ ចំនួនប្រជាជនបន្ថែម ២៥ភាគរយ ត្រូវស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងគិតត្រឹមខែតុលា ឆ្នាំ២០២៣ ដោយនៅលើតែបន្តិចពីបន្ទាត់នៃភាពក្រីក្រ»។
ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ការប៉ះទង្គិចគ្នាបានកើនឡើង រវាងយោធា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដែលបង្ខំឲ្យមនុស្សរាប់សែននាក់ភៀសខ្លួន បាត់បង់ប្រភពចំណូលរបស់ពួកគេ។
លើសពីនេះទៀត ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនអាចងើបឡើងវិញពីការធ្លាក់ចុះ ១៧,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២១ នៅពេលដែលរដ្ឋាភិបាលរបស់មេដឹកនាំលោកស្រី Aung San Suu Kyi ត្រូវបានទម្លាក់ចេញពីអំណាចដោយយោធា ហើយជំងឺរាតត្បាតកូវីដ-១៩ នៅតែជាកត្តាសំខាន់៕