
ការកាត់ទោសប្រហារជីវិតដែលត្រូវបានអនុវត្តចំពោះមហាសេដ្ឋីអចលនទ្រព្យម្នាក់ ក្នុងសំណុំរឿងលួចបន្លំហិរញ្ញវត្ថុចំនួន ១២,៥ពាន់លានដុល្លារ គឺជាការដាក់ទណ្ឌកម្មចុងក្រោយបំផុត ដែលធ្វើឡើងដោយប្រទេសវៀតណាមនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលកំពុងកើតមានយ៉ាងក្ដៅគគុកទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ការវិនិច្ឆ័យ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) ប្រឆាំងនឹងលោកស្រី Truong My Lan អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group កើតមានបន្ទាប់ពីមានការលាលែងពីតំណែងរបស់ប្រធាន ២រូប ក្នុងរយៈពេលត្រឹមតែជាង ១ឆ្នាំ ពោលគឺជាការចាកចេញដែលទាក់ទងនឹងការចោទប្រកាន់ដាច់ដោយឡែកពីគ្នាអំពីអំពើខុសច្បាប់។
អ្នកវិភាគបាននិយាយថា ទំហំនៃទង្វើខុសឆ្គងរបស់លោកស្រី Lan បានផ្ដល់ការភ្ញាក់ផ្អើលដល់សាធារណជនក្នុងប្រទេសមួយដែលបានបង្ហាញពីរូបភាពនៃស្ថិរភាពនៃអំណាចផ្តាច់ការជាយូរមកហើយ ហើយបានបង្កើនការព្រួយបារម្ភក្នុងចំណោមអ្នកវិនិយោគបរទេស ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចកំពុងរីកចម្រើនរបស់ប្រទេសវៀតណាម។
ការកាត់ក្តីលើសេដ្ឋីនីរូបនេះ ដែលបានចាប់ផ្តើមកាលពីខែមុន បានបង្ហាញជាសាធារណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ពោលគឺជាការផ្លាស់ប្តូរទិសដៅនៅក្នុងប្រទេសដែលជាធម្មតាព័ត៌មានត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ លោកស្រី Lan ដែលមានវ័យខ្ទង់ ៦០ឆ្នាំប្លាយ ត្រូវបានរកឃើញថា មានទោសពីបទសូកប៉ាន់ បំពានបទប្បញ្ញត្តិធនាគារ និងការកេងបន្លំ ហើយត្រូវកាត់ទោសប្រហារជីវិត ទោះបីជាគ្រួសាររបស់លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងប្តឹងឧទ្ធរណ៍ក៏ដោយ។
សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកស៊ើបអង្កេតបានឲ្យដឹងថា លោកស្រី និងបក្ខពួករបស់លោកស្រីបានដកយកប្រាក់ជាង ៣០៤សែនកោដិដុង (១២,៥ពាន់លានដុល្លារ) ពីធនាគារពាណិជ្ជ Saigon (SCB) ដែលលោកស្រីបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពតាមរយៈអ្នកតំណាងរាប់សិបនាក់ បើទោះបីជាមានច្បាប់កំណត់យ៉ាងតឹងរ៉ឹងលើការកាន់កាប់ភាគហ៊ុនធំ ក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីក៏ដោយ។
ទំហំនៃការលួចបន្លំនេះត្រូវបានគេនិយាយថា ស្មើនឹងប្រហែល ៣ភាគរយនៃសេដ្ឋកិច្ចរបស់វៀតណាម។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្រិតនៃការលួចបន្លំ និងការក្លែងបន្លំដ៏គួរឲ្យភ្ញាក់ផ្អើលត្រូវបានបង្ហាញដោយបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់វៀតណាម (CPV) ដោយនេះជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងបន្តធ្វើរបស់ខ្លួន ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៦ ហើយសមាជិកបក្សរាប់រយនាក់ត្រូវបានស៊ើបអង្កេត៕