ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងសហរដ្ឋអាមេរិក គាំទ្រដោយនាវាពិឃាតរបស់ទីបញ្ជាការអឺរ៉ុប-សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានបំផ្លាញយានដ្រូនមួយចំនួនជាង ៨០គ្រឿង និងមីស៊ីលបាលិស្ទិកយ៉ាងតិចចំនួន ៦គ្រាប់តម្រង់ទៅកាន់ប្រទេសអ៊ីស្រាអែលពីប្រទេសអ៊ីរ៉ង់ និងយេម៉ែន។

ទីបញ្ជាការ CENTCOM បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា ការកម្ទេចនោះ រួមបញ្ចូលទាំងមីស៊ីលបាលិស្ទិកនៅលើយានបាញ់បង្ហោះរបស់ខ្លួន និងយានអាកាសគ្មានមនុស្សបើក( UAV) ចំនួន៧ ត្រូវបានបំផ្លាញនៅលើដី មុនពេលបាញ់បង្ហោះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន។

អ៊ីរ៉ង់បានបើកការវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍លើទឹកដីអ៊ីស្រាអែលជាមួយនឹងយានដ្រូន និងមីស៊ីល ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់មេបញ្ជាជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍។
ការវាយប្រហារដោយមីស៊ីលនិងយានដ្រូនជាង ៣០០គ្រឿង ដែលភាគច្រើនបាញ់ចេញពីខាងក្នុងប្រទេសអ៊ីរ៉ង់ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលភាគច្រើន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ Iron Dome របស់អ៊ីស្រាអែល និងដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងហ្ស៊កដានី។