បេសកជនចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ គោរពយ៉ាងម៉ឺងម៉ាត់នូវចំណុចសំខាន់ៗនៃសុវត្ថិភាពនុយក្លេអ៊ែរ និងក្នុងទប់ស្កាត់ឧបទ្ទវហេតុនុយក្លេអ៊ែរដែលបង្កឡើងដោយមនុស្សនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្សៀ(Zaporizhia)។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia ត្រូវបានវាយប្រហារជាច្រើនលើកកាលពីពេលថ្មីៗនេះ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាសាធារណៈមួយ ដែលអ្នកចូលរួមបានសម្តែងនូវទស្សនៈរបស់ពួកគេអំពីសុវត្ថិភាពនៃរោងចក្រថាមពល។
លោក រ៉ាហ្វាអែល ម៉ារៀណូ ហ្រ្កូស៊ី(Rafael Mariano Grossi) អគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយថា ការវាយប្រហារជាច្រើនលើកនាពេលថ្មីៗនេះទៅលើរោងចក្រ Zaporizhia បានបំពានលើគោលការណ៍ទាំងប្រាំ ដើម្បីធានាបានសុវត្ថិភាពនៅរោងចក្រ ហើយការវាយប្រហារដែលមិនទទួលខុសត្រូវទាំងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។
លោក Geng Shuang អ្នកតំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា វិបត្តិអ៊ុយក្រែន ដែលអូសបន្លាយពេលជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងជាការគំរាមកំហែងដ៏ធំដល់សុវត្ថិភាព និងសន្តិសុខនៅរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន។ ទាក់ទិនទៅនឹងការវាយប្រហារនាពេលថ្មីៗនេះ ជាការព្រួយបារម្ភយ៉ាងខ្លាំង ដែលប្រទេសចិនជាថ្មីម្តងទៀតបានជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាពនុយក្លេអ៊ែរ ជៀសវាងចំណាត់ការណាមួយដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរ និងការពារដាច់ខាតនូវឧបទ្ទវហេតុនុយក្លេអ៊ែរដែលបង្កឡើងដោយមនុស្ស។
យើងអំពាវនាវឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃសន្តិសុខដែលពុំអាចបំបែកបាន ផ្តោតលើស្ថានភាពទាំងអស់នៃសន្តិភាព និងស្ថិរភាព និងផ្តួចផ្តើមទំនាក់ទំនងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Geng និយាយថា ភាគីទាំងអស់គួតែបង្កើនការស្របមតិគ្នា និងបន្តការចរចាសន្តិភាពដើម្បីបង្កើតលក្ខខណ្ឌជាទីពេញចិត្តសម្រាប់ដោះស្រាយសមស្របនៃបញ្ហាដែលពាក់ព័ន្ធ រួមទាំងសុវត្ថិភាព និងសន្តិសុខនៅរោងចក្រនុយក្លេអ៊ែរ។ លោក Geng និយាយថា ប្រទេសចិននឹងបន្តប្តេជ្ញាក្នុងការជំរុញកិច្ចចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការលើកជំរុញដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន។