ការប្រយុទ្ធគ្នារយៈពេលមួយឆ្នាំនៅក្នុងប្រទេសស៊ូដង់ បានជំរុញឱ្យមានការអំពាវនាវនៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទសម្រាប់ការបញ្ចប់អំពើហិង្សា ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសស្ត្រី និងក្មេងស្រី។ អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជម្លោះបច្ចុប្បន្ននៅប្រទេសស៊ូដង់ ឈានចូលដល់រយៈពេលមួយឆ្នាំក្នុងសប្តាហ៍នេះ កំពុងធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ប្រជាជនស៊ូដង់ ជាពិសេសស្ត្រី និងក្មេងស្រី។ អង្គការសហប្រជាជាតិ អំពាវនាវដល់សហគមន៍អន្តរជាតិធ្វើឱ្យប្រាកដថា ជម្លោះនៅស៊ូដង់នឹងមិនក្លាយជាវិបត្តិដែលពុំត្រូវបានគេយកចិត្តទុកដាក់។
សេចក្តីថ្លែងការណ៍និយាយថា ការប្រយុទ្ធគ្នា ធ្វើឲ្យប្រទេសនេះរងទុក្ខវេទនា និងអសន្តិសុខ ខណៈកំពុងប្រឈមមុខទៅនឹងវិបត្តិមនុស្សធម៌ដ៏មហន្តរាយ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការទប់ស្កាត់អំពើប្រល័យពូជសាសន៍ លោកស្រី អាលីស ដេរីទូ(Alice Nderitu) បាននិយាយថា ការប្រយុទ្ធគ្នាបានឆក់យកជីវិតមនុស្សជាង ១៤.០០០នាក់ និងរាប់ពាន់នាក់ទៀតរងរបួស ព្រមទាំងបន្សល់ទុកជនស៊ីវិលរាប់លាននាក់ រួមទាំងកុមារ ប្រឈមនឹងអំពើហិង្សា។
លោកស្រីនិយាយថា ស្ត្រី និងក្មេងស្រី ត្រូវប្រឈមទៅនឹងការចាប់រំលោភ និង អំពើហិង្សាផ្លូវភេទផ្សេងទៀត។ មួយឆ្នាំនេះ យើងពុំបានខិតទៅជិតសន្តិភាពខណៈដែលវិបត្តិបានចាប់ផ្តើមនោះទេ។ នេះគឺជាមហន្តរាយ ដែលមិនអាចទទួលយកបានឡើយ។ លោកស្រី ដេរីទូ(Nderitu) បានរិះគន់ខ្លាំងៗចំពោះការកេងប្រវ័ញ្ចម្តងហើយម្តងទៀតលើការកំណត់អត្តសញ្ញាណជនជាតិភាគតិច និងជាតិសាសន៍ ជាមូលដ្ឋានសម្រាប់ការវាយប្រហារដ៏ឃោឃៅ ជាពិសេសធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស និងកងជីវពលសម្ព័ន្ធមិត្តប្រឆាំងក្រុមជនជាតិភាគតិច Masalit និងសហគមន៍មិនមែនអារ៉ាប់ផ្សេងទៀតនៅក្នុងទីក្រុង Darfur ដែលត្រូវបានកំណត់រួចហើយចំពោះអំពើហិង្សាជាច្រើនទសវត្សរ៍មកនេះ។