នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលត្រូវបានតែងតាំងថ្មី លោក ឡរិន វ៉ុង (Lawrence Wong) កាលពីថ្ងៃអង្គារ (១៦ មេសា) បាននិយាយថា មេដឹកនាំដែលកំពុងកាន់អំណាចនៃទីក្រុងរដ្ឋមួយនេះ លោក លី សៀនឡុង (Lee Hsien Loong) នឹងកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកឡើងកាន់អំណាចនៅថ្ងៃទី១៥ ខែឧសភា។
សារព័ត៌មាន ដឹ ស្រ្តេតថែមស៍ (the Straits Times) បានរាយការណ៍ថា លោក វ៉ុង ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីហិរញ្ញវត្ថុបាននិយាយថា លោកនឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី រយៈពេលពីរបីថ្ងៃមុនពេលលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទីបួនរបស់សិង្ហបុរី។ ប៉ុន្តែលោកបាននិយាយថា ការផ្លាស់ប្តូរសំខាន់ៗណាមួយទំនងជានឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសកលប៉ុណ្ណោះ ដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។
សារព័ត៌មាននេះបានដកស្រង់សម្តីលោកប្រាប់អ្នកយកព័ត៌មានថា «សម្រាប់ពេលនេះ មិនគួរមានការផ្លាស់ប្តូរអ្វីធំដុំទេ ពីព្រោះប្រព័ន្ធរបស់យើងដំណើរការដោយឈរលើមូលដ្ឋាននៃការបន្ត និងការផ្លាស់ប្តូរជាលំដាប់»។ លោកបានបន្ថែមថា របៀបវារៈរបស់លោករួមមានការដោះស្រាយកង្វល់ជុំវិញតម្លៃចំណាយក្នុងការរស់នៅខ្ពស់ និងបញ្ហាការងារ។
លោក វ៉ុង ដែលមានវ័យ ៥១ ឆ្នាំត្រូវបានគេសន្មតកាលពីឆ្នាំ២០២២ ថាជាមេដឹកនាំបន្ទាប់របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ បន្ទាប់ពីលោកបានធ្វើជាសហប្រធាននៃក្រុមការងារ កូវីដ១៩ (COVID-19) របស់រដ្ឋាភិបាល។ លោកបានទទួលការសរសើរចំពោះការរក្សាអត្រាមរណភាពឱ្យនៅទាបដោយការដាក់កម្រិតលើបម្លាស់ទី ការទប់ស្កាត់ព្រំដែន និងការតាមដានយ៉ាងដិតដល់លើទំនាក់ទំនងពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ៕