វិចារណកថានៅលើទំព័រសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមេសា) នេះ បានក្រើនរំលឹកប្រទេសជប៉ុនពីការមាន «ភាពមិនស្មោះត្រង់» ដ្បិតប្រទេសនេះ បានលាបពណ៌ប្រទេសចិនថា ជាការគំរាមកំហែងសន្តិសុខក្នុងតំបន់ ខណៈពេលដែលកំពុងស្វែងរកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែមានស្ថិរភាព ហើយព្រមានអំពីវិធានការរបស់ចិន ប្រសិនបើទីក្រុងតូក្យូធ្វើសកម្មភាពដោយមិនមានការប្រុងប្រយ័ត្ននោះ។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាទៅកាន់សភាអាមេរិក កាលពីថ្ងៃទី១១ ខែមេសា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានហៅសកម្មភាពយោធារបស់ចិនថា «ជាបញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំបំផុត និងមិនធ្លាប់មានពីមុន» សម្រាប់ពិភពលោក ហើយបានប្តេជ្ញាឲ្យមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុកសកម្មភាពយោធារបស់ចិន និងរុស្ស៊ីជាការគំរាមកំហែងសំខាន់ចម្បង។
ក្នុងវិចារណកថាមួយ នៅថ្ងៃទី១៨ ខែមេសានេះ សារព័ត៌មានផ្លូវការរបស់បក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាចបានលើកឡើងថា ជប៉ុនបានអះអាងថា កំពុងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ប៉ុន្តែក្នុងពេលជាមួយគ្នា ក៏កំពុងព្យាយាមបង្កការប្រឈមមុខដាក់គ្នាផងដែរ ដោយនិយាយបង្កាច់បង្ខូចប្រទេសចិនថា ជាការគំរាមកំហែង ហើយបានពណ៌នាប្រទេសជប៉ុនថា នេះគឺជា «ភាពធម្មតានៃមនុស្សគ្មានភាពស្មោះត្រង់» ដែលមិនមានភាពគួរឲ្យទុកចិត្តបាន។
ជាមួយគ្នានេះ សារព័ត៌មាន People's Daily នៅក្នុងវិចារណកថានោះ បានចោទប្រកាន់ជប៉ុនថា បាននិយាយបំផ្លើសពីការគំរាមកំហែងផ្នែកសន្តិសុខ ដើម្បីគ្រាន់តែជាលេសសម្រាប់ការកសាងយោធារបស់ខ្លួនប៉ុណ្ណោះ។ លើសពីនេះទៀត វិចារណកថានោះ ក៏បានលើកឡើងផងដែរថា ការពិភាក្សារបស់សហរដ្ឋអាមេរិក និងជប៉ុនលើបញ្ហារបស់កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួននោះ គឺជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
ពាក់ព័ន្ធនឹងវិចារណកថានេះ ក្រសួងការបរទេសជប៉ុនមិនបានឆ្លើយតបភ្លាមៗនោះឡើយ សម្រាប់សំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ជប៉ុន និងចិនក៏បានប៉ះទង្គិចគ្នាជាញឹកញាប់ ជុំវិញការទាមទារដែនសមុទ្រ នៅសមុទ្រចិនខាងកើត ក៏ដូចជាសកម្មភាពរបស់ចិនប្រឆាំងនឹងការទាមទារទឹកដីរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូងផងដែរ៕