ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ១លានដូសរបស់ប្រទេសជប៉ុន ថាជាការឆ្លុះបញ្ចាំងឱ្យឃើញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងលិខិតថ្លែងអំណរគុណដែលសម្ដេចផ្ញើទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្កា យ៉ូហ្ស៊ីហ៊ីដេ (SUGA Yoshihide) កាលពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងចំនួនជាង ៣៣២,០០០ដូស ដែលត្រូវបានដឹកជញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
វ៉ាក់សាំងជាង ៣៣ម៉ឺនដូសនេះ ស្ថិតនៅក្នុងចំណោមវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដែលរដ្ឋាភិបាលជប៉ុនសន្យាផ្ដល់មកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងលិខិតដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រទេសជប៉ុនក៏បានផ្ដល់កម្ចីចំនួន ២៣០លានដុល្លារ និងជំនួយជាង ៥០លានដុល្លារមកដល់កម្ពុជាផងដែរ ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ នឹងមិនអាចបញ្ចប់ទៅក្នុងពេលឆាប់ៗនោះឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាសប្បាយរីករាយក្នុងការបន្តការងារដោយជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុនអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដើម្បីជំរុញផែនការស្ដារសេដ្ឋកិច្ចឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិក អំឡុងពេលពិភពលោកជប៉ុនវិបត្តិសុខភាពសកលនេះ៕