បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីឥណ្ឌូនេស៊ីរបស់លោកគឺលោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi)ក្នុងក្រុងហ្សាការតាជាទីដែលភាគីទាំងពីរ បានពិភាក្សាពីបញ្ហាតំបន់ហ្កាហ្សានោះមក រដ្ឋមន្រ្ដីកាបរទេសចិនលោក វ៉ាង យី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិននិងឥណ្ឌូនេស៊ី ចង់រក្សាអោយមានសន្ដិភាព និងស្ថិរភាពក្នុងតំបន់ជានិច្ច។
លោកវ៉ាង បានអំពាវនាវឱ្យភាគីទាំងអស់ក្នុងជម្លោះតំបន់ហ្កាហ្សា ត្រូវប្រកាន់យកការអត់ធ្មត់ ហើយបាននិយាយថា អង្គការសហប្រជាជាតិ គួរតែគាំទ្រសេចក្ដីសម្រេចរបស់សហប្រជាជាតិសំរាប់បទឈប់បាញ់។
រដ្ឋមន្រ្ដីកាបរទេសឥណ្ឌូនេស៊ីលោកស្រី រេតណូ ម៉ាស៊ឌី បាននិយាយថា លោកស្រី សង្ឃឹមថា ចិននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីរារាំងការកើនឡើងនៃភាពតានតឹងក្នុងតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់លើភាពចំបាច់សម្រាប់ដំណោះស្រាយរដ្ឋពីរ។
លោកស្រីរេតណូ បាននិយាយថា ឥណ្ឌូនេស៊ីនិងចិនធ្លាប់ជាដៃគូវិនយោគនិងពាណិជ្ជកម្មធំបំផុត កំពុងស្វះស្វែងរកអោយមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចថែមទៀត តាមរយ: ការវិនិយោគអោយកាន់តែស៊ីជម្រៅផ្នែកហេដ្ឋារចនាសម្ព័ន្ធ ខ្សែទឹកខាងក្រោម និរន្តរភាពស្បៀង និងអន្តរកាលថាមពលរបស់ឥណ្ឌូនេស៊ី។