កូនប្រុសរបស់អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួន គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា ម្ដាយរបស់លោកត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួននៅពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ ដែលអាចត្រូវរបបសឹកដែលកំពុងកាន់អំណាចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រើប្រាស់ជាខែលការពារខ្លួននៅក្នុងជម្លោះជាមួយនឹងក្រុមតស៊ូ។
លោកស្រី ស៊ូជី ត្រូវបានយោធាមីយ៉ាន់ម៉ា ចាប់ឃុំចាប់តាំងពីបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រីក្នុងរដ្ឋប្រហារឆ្នាំ ២០២១។ ម្ចាស់ពានរង្វាន់ណូបែលវ័យ ៧៨ ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួនក្នុងផ្ទះសរុបចំនួន ១៥ ឆ្នាំ ក្រោមរបបយោធាមុន។
កូនប្រុសរបស់លោកស្រី គឺលោក គីម អារីស (Kim Aris) ដែលរស់នៅក្នុងទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកបានលឺថា ម្ដាយរបស់លោកកំពុងទទួលរងនូវផលប៉ះពាល់ពីកម្តៅ ប៉ុន្តែហេតុផលផ្លូវការរបស់របបយោធាសម្រាប់ការផ្លាស់ប្ដូរនេះគឺ «មិនទំនងទាល់តែសោះ»។
លោក អារីស បាននិយាយថា លោកគិតថាពួកគេមានហេតុផលផ្ទាល់ខ្លួនក្នុងការផ្លាស់ប្ដូរនេះ ពោលគឺពួកគេចង់ប្រើលោកស្រី ស៊ូជី ជាខែលការពារខ្លួន ឬជាថ្នូរសម្រាប់ការចរចាណាមួយ។
អ្នកនាំពាក្យរបស់របបយោធាបាននិយាយនៅសប្តាហ៍នេះថា លោកស្រី ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះជាជំហានមួយដើម្បីការពារលោកស្រី និងអ្នកទោសវ័យចំណាស់ផ្សេងទៀតពីអាកាសធាតុក្តៅ ប៉ុន្តែគេមិនដឹងច្បាស់ទេថា លោកស្រីត្រូវបានគេផ្លាស់ទៅទីណា៕