សហរដ្ឋអាមេរិក និងចក្រភបអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរបស់ប្រទេសអ៊ីរ៉ង់ ជុំវិញការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។
អ៊ីរ៉ង់ បានធ្វើការវាយប្រហារកាលពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ដោយនិយាយថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានទូតអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីកាលពីពេលមុន។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងកំណត់គោលដៅលើបុគ្គលចំនួន១៦នាក់ និងអង្គភាពចំនួន២ ដែលបានផ្តល់លទ្ធភាពឱ្យមានការផលិតយានដ្រូននៅអ៊ីរ៉ង់។ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ជាច្រើនរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិកត្រូវបានបង្កកនៅក្រោមទណ្ឌកម្មនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពិភាក្សាជាមួយមេដឹកនាំរបស់ប្រទេសG7 បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់។ លោកនិយាយថា យើងប្តេជ្ញាធ្វើសកម្មភាពរួមគ្នាដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។ ចក្រភពអង់គ្លេស ក៏បានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍លើបុគ្គលចំនួន៧នាក់ និងអង្គភាពចំនួន៦ ដែលខ្លួនបាននិយាយថា បានផ្តល់លទ្ធភាពបង្កសកម្មភាពអស្ថិរភាពរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា រួមទាំងការវាយប្រហារដោយផ្ទាល់លើអ៊ីស្រាអែល។
គោលដៅនានារួមមាន កងទ័ពជើងទឹកក្រុមឆ្មាំបដិវត្តន៍អ៊ីស្លាម និងនាយកប្រតិបត្តិក្រុមហ៊ុនអ៊ីរ៉ង់។ បុគ្គល និងអង្គភាពដែលជាគោលដៅ ត្រូវទទួលរងការបង្កកទ្រព្យសម្បត្តិ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានចាត់ទុកការវាយប្រហាររបស់អ៊ីរ៉ង់ថា ជាទង្វើដ៏ធ្វេសប្រហេស និងបង្កឲ្យគ្រោះថ្នាក់កើនឡើង។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ថ្ងៃនេះ យើងបានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាអ៊ីរ៉ង់ និងកងកម្លាំងដែលទទួលខុសត្រូវចំពោះការវាយប្រហារកាលពីចុងសប្តាហ៍។