យោធារបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក ពីរបៀបប្រើប្រាស់កញ្ចប់ជំនួយសម្រាប់ក្រុងតៃប៉ិ រួមទាំងកញ្ចប់ជំនួយឆ្លងកាត់ការអនុម័តនៅសភា ចំនួន៩៥ពាន់លានដុល្លារ ដែលភាគច្រើនផ្ដល់ឲ្យអ៊ុយក្រែន និងអ៊ីស្រាអែល ខណៈយន្តហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះចូលទៅកាន់តែជិតកោះនេះ ។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រពីអន្តជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតមួយផងដែរ ទោះបីជាពុំមានទំនាក់ទំនងផ្នែកការទូតផ្លូវការក៏ដោយ។
អាជ្ញាធរការពារជាតិកោះនេះ បានបង្ហាញការដឹងគុណចំពោះសភាអាមេរិក សម្រាប់ការអនុម័តកញ្ចប់ជំនួយកាលពីថ្ងៃសៅរ៍ ដោយនិយាយថា ខ្លួនបានបង្ហាញការគាំទ្ររឹងមាំដូចថ្មរបស់សហរដ្ឋអាមេរិក សម្រាប់កោះស្វ័យគ្រប់គ្រងមួយនេះ ដែលចិនអះអាងថាជាដែនដីរបស់ខ្លួន។

អាជ្ញាធរយោធាខាងលើនេះ បានបន្ថែមថា ខ្លួននឹងសម្របសម្រួលការប្រើប្រាស់មូលនិធិនេះជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្លាស់ប្ដូរយន្តការដែលមានស្រាប់ និងប្រឹងប្រែងបន្ថែមទៀតរដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ ក្នុងការធានាឲ្យបាននូវសន្តិសុខរបស់កោះនេះ សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
ចាប់តាំងពីឆ្នាំ២០២២មក កោះតៃវ៉ាន់ បានត្អូញត្អែរពីការពន្យារពេលបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិក ដូចជា មីស៊ីលប្រឆាំងយន្តហោះ Stinger ជាដើម ខណៈក្រុមហ៊ុនផលិតអាវុធអាមេរិក ផ្ដោតលើការផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ជួយប្រយុទ្ធបណ្ដេញកងទ័ពរុស្ស៊ី។

ដោយបន្តគូសបញ្ជាក់ពីសម្ពាធរបស់ចិនលើកោះនេះ អាជ្ញាធរយោធាតៃវ៉ាន់ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ក្នុងពេល២៤ម៉ោងកន្លងទៅនេះមានយន្តហោះចម្បាំងរបស់ចិន១៤ គ្រឿង បានឆ្លងកាត់បន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់៕