បាល់ទាត់៖ ក្រុមជើងឯក English Premier League, Manchester City គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាលព័រទុយហ្កាល់ Ruben Dias ដែលនឹងមានប្រាក់ឈ្នួលស្ទើរគុណនឹងពីរ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Star បានឱ្យដឹងថា Manchester City នឹងផ្តល់កិច្ចសន្យាថ្មីដល់កីឡាករវ័យ ២៤ឆ្នាំរូបនេះដោយនឹងទទួលបាន ១៤ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈកិច្ចសន្យាចាស់ទទួលបានត្រឹម ៨ម៉ឺនផោនក្នុងមួយសប្តាហ៍។ ទំរង់លេងរបស់ Ruben Dias ដ៏អស្ចារ្យរដូវកាលមុន គឺជាផ្នែកចំបងមួយដែលធ្វើឱ្យក្រុមរបស់លោក Pep Guardiola គ្រងជើងឯក English Premier League លើកទី៣ ក្នុងរយៈពេល ៥ឆ្នាំក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ។ រំលឹកថា Ruben Dias បានមកដល់ Manchester City នៅឆ្នាំ២០២០ ក្នុងតម្លៃ ៦៨លានអឺរ៉ូពី Benfica និងបង្ហាញខ្លួនស្ទើរគ្រប់ប្រកួតឱ្យ Manchester City រដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ