រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹករបស់ប្រទេសជប៉ុនចំនួនពីរគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រអំឡុងពេលហ្វឹកហាត់ ហើយយ៉ាងហោចណាស់សមាជិកយានិកម្នាក់ក្នុងចំណោមយានិក៨នាក់នៅលើឧទ្ធម្ភាគចក្រ បានស្លាប់។

ឧបករណ៍ថតទិន្នន័យជើងហោះហើររបស់ឧទ្ធម្ភាគចក្រទាំងពីរគ្រឿង ត្រូវបានរកឃើញ នៅទីតាំងជិតគ្នា។ នៅលើមូលដ្ឋាននេះ ការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានធ្វើឡើង រួមទាំងលទ្ធភាពដែលយន្តហោះទាំងពីរគ្រឿងបានបុកគ្នា។

ឧទ្ធម្ភាគចក្រល្បាត SH-60 ពីរគ្រឿង កំពុងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក កាលពីយប់ថ្ងៃសៅរ៍នៅជិត កោះ Torishima ក្នុងប្រជុំកោះ Izu ដាច់ស្រយាល នៅឆ្នេរភាគខាងត្បូងនៃប្រទេសជប៉ុនភាគកណ្តាល។
កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន ឬ MSDF និងឆ្មាំល្បាតឆ្នេរកំពុងស្វែងរកសមាជិកយានិក៧នាក់ដែលនៅសល់។
កាលពីថ្ងៃសៅរ៍ នាយសេនាធិការកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន(MSDF) លោក Yoshitaka Sakai បានបញ្ជាក់ថា លោកមិនជឿថាមានការជាប់ពាក់ព័ន្ធពីប្រទេសមួយផ្សេងទៀត ក្នុងការធ្លាក់យន្តហោះនោះទេ។
នៅក្នុងការបង្ហោះលើបណ្តាញ X ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានផ្តល់ជំនួយរបស់ប្រទេសលោក ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។