ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (២១ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជិតដល់ ៣៤.១០០ នាក់។

កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤៨ នាក់ និងបង្ករបួស ៧៩ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤.០៩៧ នាក់ និងអ្នករបួសដល់ ៧៦.៩៨០ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។

ទូរទស្សន៍ប៉ាឡេស្ទីនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែលបានវាយឆ្មក់តាមអាកាសជាច្រើនកន្លែងលើទីក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូងហ្កាហ្សាស្រ្ទីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់ និងការវាយប្រហារនៅក្នុងតំបន់ផ្សេងទៀតបានសម្លាប់មនុស្សជាច្រើនទៀត។
អ្នកស្លាប់ភាគច្រើនត្រូវបានគេរាយការណ៍ថាជាស្ត្រី និងកុមារ រួមទាំងស្ត្រីមានផ្ទៃពោះផងម្នាក់ដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា គ្រូពេទ្យបានធ្វើការវះកាត់សង្គ្រោះបន្ទាន់លើស្ត្រីមានផ្ទៃពោះដែលបានស្លាប់នោះដើម្បីជួយសម្រាលទារកស្រីម្នាក់ ដែលពេលនេះស្ថិតក្នុងស្ថានភាពនឹងនរ៕