កំពង់ធំ ៖ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការសិក្សាអប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបានស្ដារ និងពង្រឹងវិស័យ អប់រំជាបន្តបន្ទាប់ ជុំវិញពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សានានា ក្នុងគោលដៅបង្កើតធនធានមនុស្សឲ្យបានគ្រប់ទិសទី។
ឯកឧត្តម ស៊ុ សន្និសិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ នេះថា ក្រោមដំបូលសន្តិភាព ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចាត់ទុក ការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានស្ដារ និងពង្រឹង វិស័យអប់រំជាបន្តបន្ទាប់ ជាក់ស្តែង, ខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលកំពង់ធំ តែងតែបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធិផលជាច្រើននៅក្នុងខេត្ត ដែលក្នុងនោះ មានការកសាងអគារសិក្សា ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះធនាគារ ខេប៊ី ប្រាសាក់ ម.ក ដែលចំណាយថវិកាសាងសង់អគារ សាលាបឋមសិក្សាអូរទឹកថ្លាថ្មីនេះ តាមសំណូមពររបស់ធនាគារជាតិនៃកម្ពុជា។ ដោយការចូលរួមនេះ, សបញ្ជាក់ពីទឹកចិត្តដ៏ថ្លៃថ្លា របស់ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំរបស់ធនាគារទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងធនធានមនុស្សនៅកម្ពុជា។
ជុំវិញការសិក្សានេះ, លោក ឡង គីសឹង អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ ថ្លែងថា វត្តមានប្រកបដោយកាយវិការដ៏ប្រពៃ របស់ឯកឧត្ដមនាពេលនេះ បានបង្ហាញអោយឃើញច្បាស់ អំពីគុណតម្លៃរបស់ថ្នាក់ដឹកនាំ និងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ខ្លួន ជាមួយសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សា នៅ មូលដ្ឋាន។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ, ឯកឧត្តមទេសាភិបាលរង បានឧបត្ថម្ភថវិកាចំនួន ២ លានរៀល និងសម្ភារៈកីឡា១ឈុត ដល់ សាលាបឋមសិក្សាអូរទឹកថ្លា, និងសម្ភារៈកីឡា១ឈុតទៀត ដល់សាលាបឋមសិក្សាបង្គីតាំងរ៉េន, លោកគ្រូ-អ្នកគ្រូ ម្នាក់ៗទទួលបាន អាវយឺត១ ថង់យួរ១ និងថវិកា ៤ ម៉ឺនរៀល, សិស្សានុសិស្សម្នាក់ៗទទួលបានថង់១ សៀវភៅ ប៊ិច និងប្រអបសម្ភារៈសិក្សា, មាតា បិតាសិស្សម្នាក់ៗ ទទួលបានអាវយឺតមួយ ថង់១ រួមជាមួយការទទួលទានអាហារផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី








