
រដ្ឋអាជ្ញាអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ជនជាតិអាល្លឺម៉ង់បីនាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានធ្វើការជាមួយសេវាកម្មសម្ងាត់របស់ចិន ដើម្បីផ្តល់បច្ចេកវិទ្យា ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា។
ជនសង្ស័យទាំងនោះ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជា Herwig F. និង Ina F ជាប្តីប្រពន្ធ ដែលបើកក្រុមហ៊ុនមួយនៅទីក្រុង Dusseldorf និងលោក Thomas R. ដែលរដ្ឋអាជ្ញា បានពិពណ៌នាថា ជាភ្នាក់ងារសម្រាប់បុគ្គលិកនៃក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន(MSS)។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា តាមរយៈក្រុមហ៊ុនរបស់ពួកគេ ប្តីប្រពន្ធទាំងពីរ បានបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអាល្លឺម៉ង់ ដែលផ្នែកមួយពាក់ព័ន្ធនឹងការរៀបចំការសិក្សាសម្រាប់ដៃគូកិច្ចសន្យារបស់ចិនលើផ្នែកម៉ាស៊ីនដែលអាចត្រូវបានប្រើសម្រាប់ប្រតិបត្តិការនៃម៉ាស៊ីននាវាមានកម្លាំងខ្លាំង ដូចជានាវាប្រយុទ្ធ។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ដៃគូកិច្ចសន្យារបស់ចិន គឺជាបុគ្គលិករបស់ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន(MSS) ដែលលោកThomas R.បានទទួលការបញ្ជាទិញរបស់គាត់នោះ។
រដ្ឋអាជ្ញា បាននិយាយថា ជនសង្ស័យ ក៏បានទិញឡាស៊ែរពិសេសពីប្រទេសអាល្លឺម៉ង់ និងដោយការទូទាត់ពី ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន(MSS) ហើយបាននាំចេញទៅប្រទេសចិន ដោយគ្មានការអនុញ្ញាត។
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល (Olaf Scholz) បាននៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុនដើម្បីដាក់សម្ពាធលើករណីនេះសម្រាប់ទីក្រុងប៉េកាំង ដើម្បីធានាចំពោះក្រុមហ៊ុនអាល្លឺម៉ង់នូវស្មើភាពគ្នា ក្នុងការចូលទៅទីផ្សារ ខណៈពេលដែលក៏បង្ហាញពីការព្រួយបារម្ភនៅអឺរ៉ុបអំពីគោលនយោបាយសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង និងការគាំទ្រសម្រាប់ប្រទេសរុស្ស៊ីផងដែរ។