ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស ទទួលយកការសុំទោស របស់លោក ជា ប៉ូច ហើយសម្តេចនឹងទទួលយការសូមទោសពីមនុស្សផ្សេងៗ ទៀតផងដែរ ប្រសិនបើពួកគេទាំងនោះផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់។
ការប្រកាសរបស់សម្តេចតេជោនេះ គឺបានធ្វើឡើងតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីលោកជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត មកពីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយថែមទាំងប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សី និងគណបក្សនានាដែលមាននិន្នាការប្រឆាំងផងដែរ នោះ។
តាមរយៈហ្វេសបុកនាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា«ជូនលោកជា ប៉ូចខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថាយើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់នឹងសូមលើកលែងទោសឲ្យពួកគេតែយើងមិនអត់ឱនឲ្យជនណាឬក្រុមណាក៏ដោយ ដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។ យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណា ដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើង ដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»៕
អត្ថបទបាន ចក់


