ភ្នំពេញ ៖ ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង។ ការគាំទ្រនេះ ធ្វើឡើក្នុងជំនូបរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយបណ្តាក្រុមហ៊ុនអន្តជាតិ ស្ថិតនៅទីស្តីការក្រសួង នាថ្ងៃទី២៤ ខែមេសានេះ។
នៅក្នុងជំនូបនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានគូសបញ្ជាក់ថា ដើម្បីជំរុញការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយចីរភាព ការវិយោគគប្បីជួយជាចម្បងឱ្យប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានមុខរបរបន្ថែម លើសពីរបរដែលពឹងផ្អែកតែមួយមុខទៅលើធនធានធម្មជាតិ និងការដកហូតអនុផលព្រៃឈើ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ។ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃពីរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់នេះ គឺជាការជួយឱ្យប្រជាប្រជាសហគមន៍នៅតាមមូលដ្ឋាន មានឯករាជ្យភាព និងភាពជាម្ចាស់។
អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ បានដាក់ចេញ ដោយមានភាពច្បាស់លាស់ និងជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍរបស់កម្ពុជាឆ្ពោះទៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕ អត្ថបទ៖ទូច សោភ័ណ











