ការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងការតវ៉ានៅក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃពុធ ខណៈពលរដ្ឋអ៊ីស្រាអែលមានកំហឹង បានចេញធ្វើបាតុកម្មដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមអ៊ីស្លាមនិយម បានចេញផ្សាយវីដេអូ បង្ហាញពីចំណាប់ខ្មាំងលោក Hersh Goldberg-Polin នៅក្នុងការជាប់ឃុំឃាំង។
អ្នកតវ៉ា បានដុតភ្នក់ភ្លើង ហើយបានលើកដៃរបស់ពួកគេឡើងដែលមានលាបពណ៌ក្រហម ខណៈកំពុងស្រែកថា «នាំពួកគេទាំងអស់ត្រឡប់មកផ្ទះវិញ»។ នគរបាល បានប៉ះទង្គិចជាមួយបាតុករ ហើយបានចាប់ខ្លួនពួកគេមួយចំនួន។
នគរបាលក៏បានអមដំណើររដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ទៅកាន់រថយន្តរបស់លោកកាត់តាមហ្វូងបាតុករដែលកំពុងស្រែកតវ៉ា។ កាលពីព្រឹកថ្ងៃពុធ ក្រុមហាម៉ាស បានផ្សព្វផ្សាយវីដេអូ លោក Goldberg-Polin ជាជនជាតិអ៊ីស្រាអែល-អាមេរិក ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ហើយបាននាំចូលទៅក្នុងតំបន់ហ្កាហ្សា ដែលនៅរស់នៅឡើយ។ វីដេអូខ្លី ដែលពុំបានបញ្ជាក់ពីកាលបរិច្ឆេទ បានបង្ហាញឱ្យឃើញ បរុសវ័យ២៣ឆ្នាំរូបនេះ មើលទៅហាក់ដូចជាមានសុខភាពល្អ។
លោកត្រូវបានគេបង្ហាញថា បានរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលា បន្ទាប់ពីលោក ព្យាយាមប្រើរាងកាយជាខែលដើម្បីការពារខ្លួន និងជនស៊ីវិលដទៃទៀត។ ម្តាយរបស់លោក Rachel Goldberg-Polin កំពុងធ្វើយុទ្ធនាការឲ្យមានការដោះលែងកូនប្រុសរបស់គាត់ ដែលត្រូវបានចាប់ពង្រត់នៅមហោស្រពតន្ត្រី Nova និងជាចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ក្នុងចំណោមចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន១៣៣នាក់ដែលនៅតែជាប់ឃុំឃាំងនៅឡើយបន្ទាប់ពីចំណាប់ថ្នូរជាង១០០នាក់ ត្រូវបានដោះលែងកាលពីឆ្នាំមុន។ ឆ្លើយតបទៅនឹងវីដេអូកាលពីថ្ងៃពុធ ឪពុកម្តាយរបស់លោក បានទទូចឱ្យមេដឹកនាំដែលជាប់ពាក់ព័ន្ធទៅនឹងការចរចាបទឈប់បាញ់ឲ្យឈានដល់កិច្ចព្រមព្រៀងមួយ។
ពលរដ្ឋអ៊ីស្រាអែល និងជនបរទេសប្រហែល ២៥០ នាក់ ត្រូវបានខ្មាន់កាំភ្លើងចាប់ធ្វើជាចំណាប់ថ្នូរ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ នេះបើយោងតាមចំនួនសរុបរបស់ខាងអ៊ីស្រាអែល នៅក្នុងការវាយប្រហារដ៏ឃើឃៅបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល។
ជាការឆ្លើយតប អ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សា ដោយប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស និងនាំយកចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ។ រហូតមកដល់ពេលនេះ ការវាយប្រហារនេះបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៣៤.០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។