ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ (២៦ មេសា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃព្រហស្បតិ៍ បានត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់រ៉ូកែតប្រភេទ ២៤០ មីលីម៉ែត្រជាច្រើនគ្រាប់ ដែលផលិតដោយអង្គភាពឧស្សាហកម្មការពារជាតិដែលទើបបង្កើតថ្មី។
របាយការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីអង្គភាពដែលផលិតកាំភ្លើងធំនោះទេ។ កូរ៉េខាងជើងត្រូវបានគេជឿថាកំពុងបង្កើនការផលិតកាំភ្លើងធំ ស្របពេលមានការចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាខ្លួនកំពុងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។
ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធការចោទប្រកាន់នេះ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA និយាយថា ការបាញ់សាកល្បងនេះបានបង្ហាញថា គ្រាប់រ៉ូកែតបានបំពេញតាមស្តង់ដារដែលត្រូវការសម្រាប់លក្ខណៈហោះហើរ និងជាក់លាក់លើគោលដៅ។
មេដឹកនាំកូរ៉េខាងជើងរូបនោះបន្ថែមថា ប្រព័ន្ធរ៉ូកែតបាញ់ច្រើនគ្រាប់ប្រភេទ ២៤០ មីលីម៉ែត្រ ដែលរួមបញ្ចូលបច្ចេកវិទ្យាថ្មី នឹង «នាំមកនូវការផ្លាស់ប្តូរជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមត្ថភាពកាំភ្លើងធំរបស់យោធាដើម្បីត្រៀមទប់ទល់នឹងសត្រូវ»៕