អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) អំពាវនាវឱ្យអាជ្ញាធរថ្មីដែលទើបចូលកាន់តំណែងនៅក្នុងប្រទេសហៃទី «ពន្លឿនការអនុវត្តពេញលេញនៃការរៀបចំអភិបាលកិច្ចអន្តរកាល" និងពន្លឿនការដាក់ពង្រាយយ៉ាងឆាប់រហ័សនៃបេសកកម្មសន្តិសុខពហុជាតិដើម្បីជួយដោះស្រាយស្ថានការណ៍ «ដ៏ធ្ងន់ធ្ងរ» នៅក្នុងប្រទេស នេះបើតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការ UN រូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា)។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយថា «អគ្គលេខាធិការអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ឱ្យធានាថា បេសកកម្មគាំទ្រសន្តិសុខពហុជាតិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភស្តុភារ ដែលខ្លួនត្រូវការដើម្បីទទួលបានជោគជ័យ និងដើម្បីបញ្ជប់អំពើហិង្សាដ៏ឃោរឃៅនៅហៃទី»។
ប្រទេសកេនយ៉ា ធ្លាប់បានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងដឹកនាំកម្លាំងដែលត្រូវបានបង្កើតឡើងដើម្បីជួយនគរបាលជាតិហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលដ៏មានអំណាចនៅក្នុងប្រទេសនេះ ជាទីដែលកំណើនអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ បានជំរុញឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ ប៉ុន្តែគំនិតផ្តួចផ្តើមនេះត្រូវបានចងភ្ជាប់នៅក្នុងបញ្ហាប្រឈមរបស់តុលាការកេនយ៉ាចាប់តាំងពីពេលនោះមក ដោយធ្វើឱ្យបេសកកម្មនេះត្រូវបានផ្អាក៕