
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ប្រភេទថ្មីនៅទូទាំងប្រទេសរយៈពេល ២សប្ដាហ៍។
សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះនៅក្នុងសារាចរមួយចេញនៅយប់នេះ ដែលបញ្ជាក់ថា យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី១២ ខែសីហាខាងមុខ។
ក្នុងសារាចរដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញទៅអភិបាលរាជធានី និងខេត្តទាំងអស់ ឱ្យដាក់ចេញវិធានការរដ្ឋបាល និងវិធានការសុខាភិបាលមួយចំនួន ដើម្បីពង្រឹងការអនុវត្តវិធានការច្បាប់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
បើតាមសារចរដដែលនេះ រដ្ឋបាលរាជធានី និងខេត្តនានា អាចចេញវិធានការហាមឃាត់សកម្មភាពមុខរបរ និងអាជីវកម្មផ្នែកកម្សាន្ត ការលក់ដូរគ្រឿងស្រវឹង ក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា សារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ។
ប្រមុខរាជរដ្ឋាភិបាល ក៏បានចង្អុលបង្ហាញឱ្យដាក់ចេញបម្រាមរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សចាប់ពី ១០នាក់ឡើង ការជួបជុំដើម្បីសេពគ្រឿងស្រវឹង និងអាចដាក់សចេញបម្រាមគោចរផងដែរនៅចន្លោះម៉ោង ៩យប់ រហូតដល់ម៉ោង ៣ភ្លឺ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ដូចជាតម្រូវឱ្យពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ប្រកាន់ខ្ជាប់អនាម័យ និងការវាស់កម្ដៅជាដើម។
ក្រៅពីនេះ រដ្ឋបាលរាជធានី និងខេត្តទាំងអស់ ត្រូវបែងចែកភូមិសាស្ត្ររបស់ខ្លួនទៅជា ៣តំបន់ មាន«តំបន់ក្រហម» ដែលជាតំបន់ប្រឈមមុខនឹងការឆ្លងរាលដាលខ្លាំង «តំបន់លឿងទុំ» ដែលសំដៅដល់តំបន់ប្រឈមនឹងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩កម្រិតមធ្យម និង«តំបន់លឿង» ដែលសំដៅដល់តំបន់ប្រឈមនឹងការឆ្លងរាលដាលកម្រិតស្រាល៕