រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ស៊ុនអ៊ីឈិ ស៊ូហ៊្សូគិ (Shunichi Suzuki) បាននិយាយនៅថ្ងៃសុក្រ (២៦ មេសា) នេះថា ប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ថ្លៃខ្លាំងរបស់ប្រាក់យ៉េន ក្នុងការព្រមានថ្មីប្រឆាំងនឹងតម្លៃរូបិយបណ្ណជាតិ ខណៈប្រាក់យ៉េនបានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលបានឃើញកាលពីជាងបីទសវត្សរ៍មុន។
លោក ស៊ូហ៊្សូគិ បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន មានទាំងផលវិជ្ជមាន និងអវិជ្ជមានលើសេដ្ឋកិច្ច ប៉ុន្តែមានការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់អវិជ្ជមាននាពេលនេះ ខណៈវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃទំនិញ និងតម្លៃចំណាយប្រចាំថ្ងៃ គឺជាអាទិភាពគោលនយោបាយសំខាន់ៗសម្រាប់រដ្ឋាភិបាល»។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបន្ថែមថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយលើវិធានការគោលនយោបាយជាក់លាក់ស្តីពីការប្តូរប្រាក់បរទេសបានទេ ប៉ុន្តែអាជ្ញាធរកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការផ្លាស់ប្តូររូបិយប័ណ្ណ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ។
ខណៈពេលដែលប្រាក់យ៉េន ទន់ខ្សោយបានជំរុញការនាំចេញ បញ្ហានេះក៏បានក្លាយទៅជារឿងឈឺក្បាលសម្រាប់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុន ដោយសារវាធ្វើឱ្យតម្លៃចំណាយក្នុងការរស់នៅសម្រាប់ប្រជាជនកើនឡើង ដោយការជំរុញតម្លៃនាំចូលកាន់តែខ្ពស់។
ប្រាក់យ៉េន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ ដែលជំរុញដោយភាពខុសគ្នានៃអត្រាការប្រាក់ដ៏ធំទូលាយរវាងសហរដ្ឋអាមេរិក និងជប៉ុន៕