សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសបែកចែកថវិកាដែលបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ តាមរយៈសម្ដេច ទៅជួយដល់មន្ទីរពេទ្យកុមារចំនួន៣ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣។
តាមរយៈហ្វេសប៊ុកសម្ដេចតេជោ បានសរសេរថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ(4,800,000$)។»
សម្ដេចតេជោបន្តថា ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះសម្ដេចសូមដកថវិកាចំនួន១លានដុល្លារ (1,000,000$) ដើម្បីបែងចែកទៅ៖
ទី១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន ៥០ម៉ឺនដុល្លារ(500,000$)។
ទី២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ(300,000$)។
ទី៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន ២០គ្រួសារ
ក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារ (10,000$) សរុប២០ម៉ឺនដុល្លារ(200,000$)។
ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

