អង្គការផ្ទះបាយកណ្ដាលពិភពលោក (World Central Kitchen) នឹងបន្តការចែកចាយស្បៀងអាហារនៅតំបន់ហ្កាហ្សា រយៈពេលជិតមួយខែ បន្ទាប់ពីបុគ្គលិកជំនួយរបស់ខ្លួនចំនួន៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

អង្គការផ្ដល់ជំនួយ នេះ បាននិយាយថា ខ្លួនមានរថយន្តដឹកជំនួយចំនួន ២៧៦ គ្រឿង ដែលមានស្បៀងអាហារចំនួន ៨ លានកញ្ចប់ ត្រៀមរួចជាស្រេចដើម្បីចូលឆ្លងចូលទៅក្នុងទីក្រុងរ៉ាហ្វា។

អង្គការសប្បុរសធម៌ បាននិយាយកាលពីថ្ងៃអាទិត្យថា ទីបំផុតយើងបានសម្រេចចិត្តថាយើងត្រូវតែបន្តការផ្គត់ផ្គង់ស្បៀងអាហារដល់ពលរដ្ឋអត់ឃ្លានទាំងនោះ ។កាលពីដើមខែនេះ អង្គការសប្បុរសធម៌បាននិយាយថា ក្បួនរថយន្តចាកចេញពីឃ្លាំងមួយត្រូវបានវាយប្រហារដោយអ៊ីស្រាអែលសម្លាប់មនុស្ស៧នាក់ រួមមាន ជនជាតិអង់គ្លេស៣នាក់ ប៉ាឡេស្ទីនម្នាក់ អូស្ត្រាលីម្នាក់ ប៉ូឡូញ ម្នាក់ និងពលរដ្ឋសញ្ជាតិអាមេរិក-កាណាដាម្នាក់ និងបង្កឱ្យមានការតវ៉ាជាអន្តរជាតិ។

កងកម្លាំងការពារអ៊ីស្រាអែលបានសារភាពថា ពីកំហុសធ្ងន់ធ្ងរ ដែលនាំឱ្យមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើបុគ្គលិកអង្គការនេះ និងបានបណ្តេញមន្ត្រីជាន់ខ្ពស់ពីររូបជុំវិញឧបទ្ទវហេតុនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិអង្គការផ្ទះបាយកណ្ដាលពិភពលោក WCK លោក អ៊ីរីន ហ្គោរ៉េ (Erin Gore) បាននិយាយថា ស្ថានភាពមនុស្សធម៌នៅដែនដីហ្កាហ្សានៅតែមានសភាពធ្ងន់ធ្ងរ។ យើងកំពុងចាប់ផ្តើមប្រតិបត្តិការរបស់យើងឡើងវិញជាមួយនឹងថាមពល សេចក្តីថ្លៃថ្នូរដូចគ្នា និងផ្តោតលើការផ្តល់អាហារដល់មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
អង្គការសប្បុរសធម៌នេះ បាននិយាយថា ខ្លួនក៏នឹងបញ្ជូនរថយន្តដឹកជំនួយពីប្រទេសហ្ស៊កដានី និងប្រើប្រាស់កំពង់ផែ អាសដត់ (Ashdod) ដែលជាកំពង់ផែដឹកទំនិញសំខាន់មួយក្នុងចំណោមកំពង់ផែដឹកទំនិញសំខាន់ៗចំនួនបីរបស់អ៊ីស្រាអែល ក៏ដូចជាសាងសង់ផ្ទះបាយផលិតកម្រិតខ្ពស់ទីបីនៅហ្កាហ្សាផងដែរ៕