គុយវ៉ែត៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus នៅប្រទេសគុយវ៉ែតកាលពីថ្ងៃពុធ ទី២៨ ខែកក្កដា ជាទីដែលលោកបានសន្យាគាំទ្រដល់ការស៊ើបអង្កេត របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅប្រទេសចិន ចំពោះប្រភពដើមនៃវីរុសរាតត្បាតកូរ៉ូណា។

លោក Blinken បានសរសេរនៅលើបណ្ដាញធ្វីតធ័រ បន្ទាប់ពីបានទៅដល់រដ្ឋឈូងសមុទ្រអារ៉ាប់ថា សហរដ្ឋអាមេរិកគាំទ្រផែនការរបស់អង្គការសុខភាពពិភពលោក សម្រាប់ការសិក្សាបន្ថែមអំពីប្រភពដើមនៃវីរុស Covid-19 រួមទាំងនៅក្នុង (សាធារណរដ្ឋប្រជាមានិតចិន) ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីជំងឺរាតត្បាតសកលនេះ និងទប់ស្កាត់ការឆ្លងរាលដាលនានានៅពេលអនាគត។ ជំនួបជាមួយលោក Tedros មិនស្ថិតនៅក្នុងកាលវិភាគ ដែលបានចេញផ្សាយរបស់អ្នកការទូតអាមេរិកទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា លោក Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ដំណាក់កាលបន្ទាប់ នៃការស៊ើបអង្កេតនេះឱ្យបានទាន់ពេលវេលា ផ្អែកលើភស្តុតាង តម្លាភាព ប្រកបដោយជំនាញ និងគ្មានការជ្រៀតជ្រែក។
អង្គការសុខភាពពិភពលោកគ្រាន់តែអាចបញ្ជូន ក្រុមអ្នកជំនាញអន្តរជាតិឯករាជ្យទៅទីក្រុងអ៊ូហាន ក្នុងខែមករាជាងមួយឆ្នាំបន្ទាប់ពីវីរុស Covid-19 បានផ្ទុះជាលើកដំបូងនៅទីនោះ ដើម្បីជួយសមភាគីចិនស៊ើបអង្កេតប្រភពដើម នៃជំងឺរាតត្បាតសកលនេះ។ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់សុខាភិបាលចិនបាននិយាយថា ប្រទេសចិនមិនអាចទទួលយកផែនការរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទី២ នៃការសិក្សាអំពីប្រភពដើមនៃវីរុស Covid-19 ឡើយ៕
អត្ថបទ៖ សុខមាន