
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យ (ទី២៨ ខែមេសា) បាននិយាយថា ការផ្សាំខួរក្បាលដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបង្កើតប្រព័ន្ធសរសៃប្រសាទនោះ អាចត្រូវបានអនុម័តឲ្យប្រើប្រាស់ជាទូទៅ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
គួរបញ្ជាក់ថា លោក Elon Musk បានធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង តាមការអញ្ជើញរបស់ក្រុមប្រឹក្សាចិន ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) កាលពីថ្ងៃអាទិត្យ។
អំឡុងពេលជួបជាមួយលោក Ren Hongbin ដែលជាប្រធាន CCPIT លោក Musk បាននិយាយថា សុវត្ថិភាព គឺជាបញ្ហាដ៏សំខាន់បំផុតមួយ ក្នុងការជំរុញការអភិវឌ្ឍននៃការផ្សាំខួរក្បាលរបស់ក្រុមហ៊ុន Neuralink ដែលមានគោលបំណងជួយអ្នកជំងឺដែលមានជំងឺពិការធ្ងន់ធ្ងរឲ្យគ្រប់គ្រងបច្ចេកវិទ្យាខាងក្រៅ ដោយប្រើតែសញ្ញាសរសៃប្រសាទប៉ុណ្ណោះ។
សូមរំលឹកថា ក្រុមហ៊ុន Neuralink បានដាក់ឧបករណ៍របស់ខ្លួននេះក្នុងខ្លួនមនុស្សជាលើកដំបូង កាលពីខែមករា។
លោក Musk បានបញ្ជាក់ថា៖«នៅពេលណាដែលអ្នកដាក់អ្វីមួយនៅក្នុងមនុស្ស វាត្រូវការពេលយូរ ដើម្បីបញ្ជាក់ពីសុវត្ថិភាព។ ខ្ញុំគិតថា វាអាចនឹងកើតឡើងក្នុងរយៈពេល ១ឆ្នាំ ឬ ២ ឆ្នាំ ហើយនៅទីបំផុត វាអាចត្រូវបានអនុម័តឲ្យប្រើប្រាស់ទូទៅ»។
ក្នុងពេលជាមួយគ្នានោះ លោក Ren បានគូសបញ្ជាក់ថា ប្រទេសចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្តល់ឲ្យសហគ្រាសដែលផ្តល់មូលនិធិនៅក្រៅប្រទេស ជាមួយនឹងបរិយាកាសអំណោយផលបំផុត។
លោក Ren បានបន្ថែមថា៖«ខ្ញុំគ្រាន់តែចង់អរគុណដល់ការចូលរួមរបស់អ្នក នៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកដំបូង។ ខ្ញុំគិតថា ខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាប្រធានបទដ៏សំខាន់ មិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងនៅទូទាំងពិភពលោកទៀតផង។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ និងផ្អែកលើច្បាប់ផងដែរ។ ស្ថាប័ននឹងផ្តល់បរិយាកាសអំណោយផលសម្រាប់ក្រុមហ៊ុនវិនិយោគបរទេស ក្នុងនោះរួមទាំងក្រុមហ៊ុន Tesla ផងដែរ»៕