ភ្នំភ្លើង រូអាំង (Ruang) របស់ប្រទេសឥណ្ឌូនេស៊ី នៅជាយកោះក្នុងខេត្ត ស៊ូឡាវ៉េស៊ី (Sulawesi) បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃអង្គារ (៣០ មេសា) នេះ ដោយបានបញ្ចេញសំណុំផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពីផ្ទុះម្ដងកាលពីដើមខែនេះ ដែលបាននាំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទព្រលានយន្តហោះ។

គេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) របស់ប្រទេសនេះ បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះនៅពេលព្រឹក ដោយជំរុញកុំឱ្យអ្នកស្រុកចូលទៅជិតភ្នំភ្លើងនេះព្រោះអាចជួបគ្រោះថ្នាក់ជាយថាហេតុ។

កោះ រូអាំង នៃខេត្ត ណស ស៊ូឡាវ៉េស៊ី (North Sulawesi) គឺជាជម្រករបស់អ្នកស្រុកជាង ៨០០ គ្រួសារដែលភាគច្រើនត្រូវបានជម្លៀសចេញបន្ទាប់ពីការផ្ទុះភ្នំភ្លើងកាលពីដើមខែនេះ។ គេមិនទាន់ដឹងទេថាមានមនុស្សប៉ុន្មាននាក់ទៀតត្រូវបានជម្លៀសចេញទៀតក្រោយការផ្ទុះនៅថ្ងៃអង្គារនេះ។
អាជ្ញាធរបានបន្ទាបស្ថានភាពអាសន្នទៅកម្រិតទី៣ កាលពីសប្តាហ៍មុន មុននឹងបន្តដំឡើងទៅកម្រិតទី៤ វិញនៅថ្ងៃអង្គារនេះ ដែលជាកម្រិតខ្ពស់បំផុត។
ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលើតំបន់ «កងភ្លើងប៉ាស៊ីហ្វិក» ដែលជាតំបន់នៃសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងខ្ពស់ ដែលធ្វើឱ្យអ្នកស្រុកនៅតាមតំបន់ភ្នំ និងកោះនានាពិបាកក្នុងការរស់នៅ និងតែងតែព្រួយបារម្ភពីសុវត្ថិភាព៕