រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយថា អ៊ីតាលីបានបញ្ជូនមីស៊ីល Storm Shadow ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងពីការបិទបាំងការសម្ងាត់ជាច្រើនខែជុំវិញការផ្គត់ផ្គង់សព្វាវុធរបស់ប្រទេសអ៊ីតាលី ទៅកាន់ទីក្រុងគីវ។

លោក Grant Shapps បានធ្វើសេចក្តីប្រកាស នៅពេលធ្វើដំណើរទៅកាន់រោងចក្រក្នុងចក្រភពអង់គ្លេស ដែលក្រុមហ៊ុនផលិតមីស៊ីល MBDA ផលិតមីស៊ីល Storm Shadow ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងគោលដៅរបស់រុស្ស៊ី នៅតំបន់គ្រីម៉េ (Crimea) និងកន្លែងផ្សេងទៀត។

លោក Shapps បានប្រាប់សារព័ត៌មាន The Times of London ថា៖«ខ្ញុំគិតថា មីស៊ីល Storm Shadow គឺជាអាវុធដ៏អស្ចារ្យ»។
លោកបាននិយាយថា៖« ចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី បានដាក់ទីតាំងអាវុធទាំងនោះសម្រាប់ ប្រើប្រាស់ជាពិសេស នៅតំបន់គ្រីម៉េ។ សព្វាវុធទាំងនេះ កំពុងធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំង»។
ចក្រភពអង់គ្លេស ធ្លាប់បានប្រកាសបញ្ជូនមីស៊ីល Storm Shadows ទៅអ៊ុយក្រែន ខណៈដែលបារាំង បានប្រកាសបញ្ជូនមីស៊ីលដែលគេស្គាល់ថា SCALP-EG។ ប៉ុន្តែអ៊ីតាលីភាគច្រើន បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីអាវុធដែលខ្លួនបញ្ជូន ទៅកាន់អ៊ុយក្រែន ហើយមិនដែលរាយការណ៍ពីការបញ្ជូនមីស៊ីលដែលផលិតដោយក្រុមហ៊ុនMBDAទេ។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីតាលី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលើកឡើង របស់លោក Shapps នៅពេលសួរដោយអ្នករាយការណ៍ព័ត៌មានការពារជាតិ។
ប្រទេសអ៊ីតាលី បានទិញមីស៊ីល Storm Shadow ពីក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប MBDA ក្នុងឆ្នាំ ១៩៩៩ ហើយបានទទួលប្រហែល ២០០គ្រាប់ ដោយប្រើប្រាស់ពួកវា ក្នុងអំឡុងពេលប្រតិបត្តិការរបស់ណាតូ នៅលីប៊ីក្នុងឆ្នាំ ២០១១។