លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអង្គារ ៣០ មេសា ថា ខ្លួននឹងបើកការវាយលុកលើទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងក្នុងដែនដីហ្កាហ្សាស្ទ្រីប ទោះមាន ឬគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាសក៏ដោយ។

នាយករដ្ឋមន្ត្រី ដែលកំពុងរងសម្ពាធទាំងក្នុងស្រុក និងអន្តរជាតិ រូបនេះ បានចេញការព្រមាននេះ ទោះបីមានការព្រួយបារម្ភយ៉ាងខ្លាំងលើកឡើងដោយទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ខ្លួនក្ដី និងប៉ុន្មានម៉ោងមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក លោកAntony Blinken ទៅដល់ប្រទេសអ៊ីស្រាអែលក្នុងដំណើរចុងក្រោយរបស់លោកដើម្បីដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា។
លោក Netanyahu ដែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ក្រោយការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា បានសន្យាប្រយុទ្ធលុះត្រាទទួលជ័យជម្នះទាំងស្រុង ហើយបាននិយាយថាការបញ្ឈប់សង្រ្គាម មុនពេលសម្រេចបានគោលដៅទាំងអស់គឺមិនអាចទៅរួចឡើយ ។

ការិយាល័យរបស់លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងមួយចំនួនដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងដែនដីហ្កាហ្សាថាយើងនឹងចូលទៅក្នុងតំបន់ រ៉ាហ្វា ហើយយើងនឹងលុបបំបាត់កងវរសេនាតូចហាម៉ាសនៅទីនោះ ទោះមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។
ការអត្ថាធិប្បាយរបស់លោក Netanyahu បានកើតឡើង ខណៈក្រុមហាម៉ាស កំពុងថ្លឹងថ្លែងផែនការចុងក្រោយសម្រាប់បទឈប់បាញ់ដែលបានស្នើឡើងនៅក្នុងកិច្ចពិភាក្សានៅទីក្រុងគែរ(Cairo) ប្រទេសអេហ្ស៊ីប ជាមួយក្រុមអ្នកសម្របសម្រួលអាមេរិក អេហ្ស៊ីប និងកាតា ដែលបានលើកឡើងពីក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នសម្រាប់ការបញ្ចប់ការប្រយុទ្ធគ្នា បន្ទាប់ពីសង្រ្គាមមានរយៈពេលជិត៧ខែ៕
